(ហ្វីលីពីន)៖ ប្រទេសនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះរួមទាំងកម្ពុជាផងដែរ បានចូលរួមក្នុងកិច្ចប្រជុំលើកទី៦ នៃសម្ព័ន្ធពាណិជ្ជកម្មអាស៊ាន ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ នៅកន្លែងធ្វើការ និងពិធីប្រគល់ពានរង្វាន់បូក្រហមលើកទី៣ ដល់រោងចក្រ សហគ្រាស ក្នុងការអនុវត្តល្អ ដែលមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

បើតាមលោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឲ្យប្រទេសកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំនេះ បានពិភាក្សារកបញ្ហាប្រឈម ក្នុងការអនុវត្ត និងលុបបំបាត់មេរោគអេដស៍/ជំងឺអេដស៍ ដែលទាក់ទងនឹងសម្ព័ន្ធពាណិជ្ជកម្មអាស៊ានក្នុងចំណោមបណ្តាប្រទេសដែលបានផ្តល់បច្ចុប្បន្នភាព ព័ត៌មាន និងការអនុវត្តល្អ ក្នុងកិច្ចការពារ និងការត្រួតពិនិត្យកម្មវិធី ស្តីពីមេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការប្រទេសនីមួយៗ។

គោលបំណងនៃកិច្ចប្រជុំ សម្ព័ន្ធពាណិជ្ជកម្មអាស៊ាន ស្តីពីមេរោគអេដស៍/ជំងឺអេដស៍លើកទី ៦ គឺផ្តោតជាសំខាន់ចំនួន ៤ចំណុច៖

*ទី១៖ ការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី មេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ សម្រាប់បណ្តាប្រទេស សមាជិកអាស៊ាន ដូចជាដំណើរការសំរេចបាន នូវការទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍ បញ្ហាប្រឈមផេ្សងៗ ដែលទាក់ទងនឹងមេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ និងក្នុងសម្ព័ន្ធជាតិពាណិជ្ជកម្ម នៃបណ្តាលប្រទេសអាស៊ាននីមួយៗ

*ទី២៖ ចែករំលែកនូវការអនុវត្តល្អ និងបទពិសោធន៍ ក្នុងការបង្កើតគណៈកម្មការអេដស៍នៅកន្លែងធ្វើការ

*ទី៣៖ ការពិភាក្សាស្តីពីវឌ្ឍនភាពកិច្ចការពារមេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ ពីផែនការសម្រាប់ ឆ្នាំ២០២០-២០២២

*ទី៤៖ សម្ព័ន្ធពាណិជ្ជកម្មអាស៊ាន ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ នឹងធ្វើការផ្លាស់ប្តូរប្រធានប្តូរវេន សម្រាប់ការសម្របសម្រួលកិច្ចប្រជុំរៀងរាល់ ២ឆ្នាំម្តង។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានជ្រើសរើសយករោងចក្រកាត់ដេរសម្លៀកបំពាក់ សាប្រ៊ីណា ដែលមានស្នាដៃល្អក្នុងការអនុវត្តតាមបទដ្ឋានជាតិ និងបទដ្ឋានអាស៊ាន ដើម្បីចូលរួមទទួលប័ណ្ណសរសើរ ពានរង្វាន់បូក្រហម តាមរយៈប្រព័ន្ធវីដេអូ ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីនផងដែរ៕