(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជាបានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៧៩១គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៥៥០គ្រឿង និងរថយន្ត ២៤១គ្រឿង។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមអ្នកនាំពាក្យអគ្គស្នងការ រយៈពេល២០៩ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២២៤,៣១៨គ្រឿង ក្នុងនោះមានម៉ូតូ ១៦៥,៦៥២គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៩,៥០៣គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា បត់ជែង អត់ស្លាកលេខ ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង អត់បណ្ណបើកបរ ស្រវឹង អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល២០៩ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ ០២នាក់ របួស ១៤នាក់ (របួសធ្ងន់ ១០នាក់)។

ដោយឡែក រយៈពេល២០៩ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៧២៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ៨៦៦នាក់ របួស ២,៦២២នាក់ (របួសធ្ងន់ ១,៥៨០នាក់)៕