(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពឲ្យមានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ សម្រាប់កំណត់ពីតួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល។

ការឯកភាពរបស់សម្តេចតេជោ បានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅវិមានសន្តិភាព។

ការឯកភាពនេះផងដែរ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់លោក គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បទដ្ឋានគតិយុត្ត សម្រាប់កំណត់តួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល អាចត្រូវបានបង្កើតឡើងត្រឹមតែអនុក្រឹត្យបានហើយ ខណៈការតែងតាំងសមាសភាពវិញ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងសម្រាប់សំណើរបស់ឯកឧត្តម គី តិច គឺពាក់ព័ន្ធនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់កំណត់តួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល គឺឯកភាព។ ហើយក្នុងហ្នឹងកំណត់អំពីថវិកា ប្រើប្រាស់ថវិការដ្ឋ ដោយស្ថិតក្នុងកញ្ចប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ តាមយោបល់ខ្ញុំ ធ្វើត្រឹមតែអនុក្រឹត្យគ្រប់គ្រាន់ហើយ ប៉ុន្តែការតែងតាំង គឺតែងតាំងដោយព្រះរាជក្រឹត្យ ឯណោះ»

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ថវិកាសម្រាប់ដំណើរការរបស់មេធាវីរាជរដ្ឋាភិបាល គឺប្រើថវិកាជាតិ ក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។ លើសពីនេះ សម្តេចបានថ្លែងកោតសរសើរចំពោះមេធាវីរបស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារបានយ៉ាងល្អផងដែរ៕