(ភ្នំពេញ)៖ តុលាការកំពូលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំ របស់លោក រ៉ុង ឈុន ដោយបន្តឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃសដដែល។

ក្រោយតុលាការកំពូលបដិសេធសំណើនៅក្រៅឃុំនេះ លោក រ៉ុង ឈុន ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារ (ម១) បញ្ជូនខ្លួនត្រឡប់ទៅពន្ធនាគារព្រៃសរវិញហើយ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធបញ្ហាព្រំដែន នៅខេត្តត្បូងឃ្មុំ ដែលសមត្ថកិច្ច និងតុលាការយល់ឃើញថា សេចក្តីថ្លែងការណ៍នោះ មានលក្ខណៈញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម។

លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានចេញដីកា ដាក់ពន្ធនាគារ លោក រ៉ុង ឈុន ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមច្បាប់ ដោយជាប់ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕