(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អំណោយ ដល់ប្រជាពលរដ្ឋចំនួន៧០០គ្រួសារ ដែលរង់គ្រោះដោយទឹកជំនន់កន្លងមក នៅភូមិកន្ទុយទឹក សង្កាត់ទាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ដោយ ក៏ប៉ុន្តែតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ ហើយអំណោយគឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ដែលផ្តល់ជាទូទៅ មិនសំដៅលើពូជសាសន៍ និងសាសនាណាឡើយ។

លោកបានបន្តថា «យើងត្រូវដឹងថាអ្វីទាំងអស់នេះវាផ្តើមចេញពីសុខសន្តិភាព ហើយអ្វីដែលពិសេសបំផុតនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានគោលនយោបាយសុខដុម្បនីយកម្មជាតិសាសន៍ ដែលទទួលបានការកោតសរសើរពីប្រអង្គការ សហប្រតិបត្តិការឥស្លាម OIC ដែលមានប្រទេសជាសមាជិកចំនួន ៥២ប្រទេស»

ក្នុងឱកាសផងដែរ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីវិបត្តិកូវីដ-១៩ ដែលជាការព្រួយបារម្ភសកល តែរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព តែទោះបីយ៉ាងណា លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការឆ្លងនៃជំងឺនេះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលចែកជូនប្រជាពលរដ្ឋខាងលើ គឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ស្ករស២គីឡូក្រាម, ប្រេងឆា២លីត្រ, ត្រីខ៤កំប៉ុង, មី១០កញ្ចប់, សាប៊ូដុសខ្លួន៤ដុំ, សាប៊ូលាងចាន១ដប និងអំបិល១គីឡូក្រាម៕