(ភ្នំពេញ)៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខ បានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចេញដំណើរនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

លោកស្រីបានថ្លែងបន្ដថា «ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្ថែមទៀតដល់ពលករខ្មែរយើង ដែលធ្វើការ និងរៀនសូត្រនៅមីយ៉ាន់ម៉ា ចំនួន២ពាន់នាក់ សម្ដេចតេជោ បានសម្រេចផ្ដល់ម៉ាសក្រណាត់ចំនួន៥ពាន់ម៉ាសបន្ថែមទៀត ជូនឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើការចែកជូនដល់ពលករយើងប្រើប្រាស់»

លោកស្រីបញ្ជាក់ទៀតថា «ថ្ងៃនេះក្រុមការងារយើង បានរៀបចំសម្ភារបរិក្ខារពេទ្យទាំងអស់នេះ សរុបប្រមាណ២១តោន បានដាក់លើយន្ដហោះរួចរាល់ហើយ នៅវេលាម៉ោងជិត៧យប់នេះ»

ក្នុងឱកាសនោះ លោកស្រីបានគូសបញ្ជាក់ថា ឆន្ទះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបានគិតគូរខ្ពស់ និងដែលចាត់ទុកថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាអាទិភាពធំបំផុតចំពោះមុខ។ ប៉ុន្ដែទន្ទឹមនឹងនេះ ក៏មានការគិតគូរពីការលើកស្ទួយ ពីសេដ្ឋកិច្ចរបស់កម្ពុជាយើងផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា ដោយសម្តេចតេជោ សម្រេចផ្តល់នូវអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ៕