(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ មិនអនុញ្ញាតឲ្យលក់ដូរ ចតរថយន្ត ម៉ូតូកង់បី និងចោលសំរាម នៅបរិវេណជុំវិញមន្ទីរពេទ្យនោះឡើយ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកានេះក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ផ្អែកលើកំណើន នៃការមកប្រើប្រាស់ សេវាពិនិត្យ និងព្យាបាលជំងឺ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជាពិសេសផ្នែកសម្ភព រោគស្ត្រី ពីមួយថ្ងៃទៅមួយថ្ងៃ ហើយទីធ្លាខាងក្នុងមានភាពចង្អៀត និងដោយមាន ការអនុញ្ញាតពីលោកអភិបាលរាជធានីភ្នំពេញ និងមានការគាំទ្រពីលោកអភិបាល ខណ្ឌដូនពេញ គណៈកម្មការមជ្ឈមណ្ឌលជាតិ ចាំបាច់ត្រូវរៀបចំចិញ្ចើមផ្លូវ ជុំវិញមជ្ឈមណ្ឌលជាតិ ដើម្បី៖

* ១៖ សម្រាប់ជាចំណតយានជំនិះរបស់អតិថិជន ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជាពិសេស ស្ត្រីមានផ្ទៃពោះមកពិនិត្យផ្ទៃពោះ សម្រាលកូននិងការពិនិត្យជំងឺផ្សេងៗទៀត។
* ២៖ សម្រាប់ជាចំណតយានជំនិះរបស់មន្ត្រីរាជការ។
* ៣៖ សម្រួលនូវសន្តិសុខ សណ្តាប់ធ្នាប់ ភាពកកស្ទះចរាចរណ៍ ជាពិសេសនៅមុខមជ្ឈមណ្ឌលជាតិ ឲ្យមានភាពងាយស្រួល ដល់រថយន្តសង្គ្រោះបន្ទាន់ បញ្ជូនអ្នកជំងឺ ចេញចូលដោយមិនមានឧបសគ្គ។
៤៖ បង្កើននូវសោភ័ណ្ឌភាពមន្ទីរពេទ្យជាពិសេស សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ការពារនូវជម្រកមូស ដែលជាប្រភព នៃជំងឺគ្រុនឈាមជាដើម។

យោងលើភាពចាំបាច់ខាងលើ គណៈកម្មការមជ្ឈមណ្ឌលជាតិ សូមជូនដំណឹងដល់បងប្អូនអ្នកលក់ដូរ អ្នករត់ម៉ូតូកង់បី ទាំងអស់ឲ្យបានជ្រាបថា មិនអនុញ្ញាតឲ្យលក់ដូរ ចតរថយន្ត ម៉ូតូកង់បី និងចោលសំរាម នៅបរិវេណជុំវិញមន្ទីរពេទ្យ ដែលបណ្តាលឲ្យគ្មានអនាម័យ បាត់បង់សណ្តាប់ធ្នាប់ សាធារណៈ និងស្ទះចរាចរណ៍ នៅពេលរថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកជំងឺមកសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

គណៈកម្មការមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះមន្ត្រីរាជការ ប្រជាពលរដ្ឋ និងបងប្អូនប្រកបមុខរបរទាំងអស់ ដែលបានចូលរួមសហការ និងការយោគយល់ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងចំណតរថយន្តជុំវិញមជ្ឈមណ្ឌលជាតិគាំពារមាតា និង
ទារក៕