(សៀមរាប)៖ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោម ជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ តាមតម្រូវការនៃស្តង់ដា ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្ត បន្តពីសវនកម្មឆ្នាំមុន។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងក្នុងកម្មវិធីបើកសវនកម្មផ្ទៃក្នុងថា បរិស្ថាននៅទីនេះ ផ្តោតលើធាតុពីរសំខាន់ គឺធម្មជាតិ និងវប្បធម៌ជាអ្វីៗដែលស្ថិតនៅជុំវិញខ្លួន ហើយកត្តាទាំងពីរនេះ គឺមានការចូលរួមរបស់មនុស្ស ជាអ្នកជំរុញការងារឱ្យមានភាពប្រទាក់ក្រឡា និងសុខដុមរមនាជាមួយគ្នា ដោយមិនអាចខ្វះមួយណាបានឡើយ។

លោកបានរំឭកថា តាំងពីឆ្នាំ២០០៦ មកអាជ្ញាធរជាតិអប្សរា បានទទួលវិញ្ញាបណ្ណបត្រ៥ដងរួចមកហើយ ដែលឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់ ពីស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)។ ភាពជោគជ័យទាំងអស់ បានមកពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ដែលសហការគ្នារវាងនាយកដ្ឋាននីមួយៗ ក្នុងការជំរុញកិច្ចការងារបរិស្ថាននេះ។

លោក សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាពប្រព័ន្ធ គ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ បានបញ្ជាក់ថា គោលបំណងសំខាន់នៃការធ្វើសវនកម្ម គឺដើម្បីកំណត់ថា ប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា អនុលោមទៅតាមកម្មវត្ថុការព្រមព្រៀង ទៅតាមគ្រោងទុកដែរឬទេ? តើគ្រប់នាយកដ្ឋានទាំងអស់ បានអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន អនុលោមតាមចំណុចទាមទារទាំងឡាយរបស់ស្តង់ដា ISO-14001:2015 ដែរទេ?

លោកបានបន្តថា ការបើកសវនកម្មផ្ទៃក្នុងនៅពេលនេះ ក្នុងគោលបំណងដើម្បីត្រៀមលក្ខណៈជាមុន និងពិនិត្យឱ្យឃើញនូវភាពអនុលោម និងភាពមិនអនុលោមទាំងឡាយ សំដៅកែលម្អ ត្រៀមលក្ខណៈទទួលធ្វើសវនកម្មផ្ទៃក្រៅ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១ ខាងមុខនេះ៕