(បាត់ដំបង)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញនៅផ្សារបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារ ដោយរកឃើញទំនិញខូចគុណភាពចម្រុះចំនួន ៤៣គីឡូក្រាម យកកមករក្សាទុកនៅសាខា ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខា (ក.ប.ប) ខេត្តបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទំនិញខូចគុណភាពចម្រុះចំនួន ៤៣គីឡូក្រាម ក្នុងនោះរួមមាន៖ ពពុះសណ្ដែក ០១គីឡូក្រាម, មីថៃ ៥៤កំប៉ុង ស្មើនឹង៦គីឡូក្រាម, ទឹកក្រូច ២៤ដបចំណុះ ១.៥លីត្រ ស្មើនឹង៣៦គីឡូក្រាម យកកមករក្សាទុកនៅសាខា ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ចូលរួមទប់ស្កាត់ការនាំចូល ឬដាក់លក់ទំនិញគ្រប់ប្រភេទដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានដាក់សារធាតុគីមីជាដើម សូមកុំដាក់តាំលក់បន្តទៀត និងកុំទិញយកទៅប្រើ ប្រាស់ជាម្ហូបអាហារប្រចាំថ្ងៃឱ្យសោះ ព្រោះវាជាទំនិញខូចគុណភាពដែលធ្វើឱ្យមានការប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ទាំងអស់គ្នាផងដែរ។ បើមន្រ្តីជំនាញយើងបានរកឃើញត្រូវតែរឹបអូសយកមកដុតកម្ទេចចោលតាមច្បាប់ ដើម្បីការពារ និងថែរក្សាសុខភាពប្រប្រពលរដ្ឋយើងទាំងអស់គ្នា៕