(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាប្រមាណជាង៩១លានដុល្លារអាមេរិក ដើម្បីស្ដារ និងជួសជុលផ្លូវជនបទឡើងវិញ ដែលរងការខូចខាតដោយសារទឹកជំនន់ នាពេលកន្លងទៅ។ រហូតមកដល់ពេលនេះ ខ្សែផ្លូវដែលរងផលប៉ះពាល់ចំនួន ៦៧០ខ្សែ ស្មើនឹងប្រវែង ៥,៣៨៩.៥៩គីឡូម៉ែត្រ ក្នុងនោះ ផ្លូវរងការខូចខាតប្រវែង៣១,៥៤.៤២គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ចំនួន២២៩កន្លែង។

នេះបើតាមការឲ្យដឹងពី លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥នេះ ក្រសួងរកឃើញថា មានខេត្តចំនួន៩ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងនោះ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពងស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង ឧត្តរមានជ័យ។ ប៉ុន្ដែក្នុង៩ខេត្តនោះ ក្រសួងជ្រើសរើសអាទិភាព ចំនួន៣ខេត្ត ដែលត្រូវជួសជុលជាចាំបាច់មុនគេបំផុត គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង។

លោក ចាន់ ដារ៉ុង បានឲ្យដឹងទៀតថា ខេត្តទាំង៣ដែលជាខេត្តអាទិភាព ត្រូវស្ដារឡើងវិញមុនគេនេះ ត្រូវចំណាយថវិកាប្រមាណ១៦លានដុល្លារ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំណាយ៤.៦លានដុល្លារ, ពោធិ៍សាត់ ចំណាយ៤.៦លានដុល្លារ និងបាត់ដំបង ៣.៣លានដុល្លារ។ ហើយនៅពេលនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានទម្លាក់កញ្ចប់ថវិកាចំនួន១៥លានដុល្លារហើយ ដើម្បីក្រសួងអភិវឌ្ឍន៍ជនបទ ដោះស្រាយលើបញ្ហានេះ។

ដោយឡែក ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ អ្នកនាំពាក្យ ចាន់ ដារ៉ុង បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ ដែលទទួលរងនូវផលប៉ះពាល់ គឺអណ្ដូងទឹក។ ចំពោះអណ្តូងដែលទទួលរងការខូតខាតមានចំនួនសរុប ៤,១៥៥អណ្តូង។ ចំពោះការចំណាយក្នុងការជួសជុល និងស្ដារអណ្ដូងទឹកដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទាំងអស់នេះមានចំនួនទឹកប្រាក់សរុបប្រមាណជាង៩០ម៉ឺនដុល្លារអាមេរិក។

លោក ចាន់ ដារ៉ុង បានបន្ថែមថា ផ្អែកលើលទ្ធផលនៃការវាយតម្លៃ (Assessment) ផ្លូវជនបទណាដែលត្រូវបានកាត់ផ្តាច់ ដោយសារទឹកជំនន់ ត្រូវបានជួសជុលតភ្ជាប់ឡើងវិញបន្ទាន់ ដើម្បីធានាប្រក្រតីភាព នៃការធ្វើចរាចររបស់ប្រជាពលរដ្ឋ ព្រមទាំងសំណង់សិល្បការ្យ ដូចជាស្ពាន និងលូ ដែល រកកល់នឹងបាក់ ឬបានបាក់ត្រូវបានជួសជុល និងធ្វើថ្មីឡើងវិញ ដើម្បីធានាមិនឲ្យមានគ្រោះថ្នាក់ ឬបង្កជាហានិភ័យដល់ប្រជាពលរដ្ឋឡើយ។

ការឆ្លើយតបដោយការតភ្ជាប់ផ្លូវឡើងវិញ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងអស់ មានកញ្ចប់ថវិកាសម្រាប់ឆ្លើយតប ឬសង្គ្រោះបន្ទាន់ផ្លូវដែលបានកាត់ផ្តាច់ ឬសំណង់សិល្បការ្យណា ដែលរកកល់នឹងបាក់ ដែលថវិកាទាំងនោះ ក្រសួងបានវិភាជជូនមន្ទីរដើម្បីមានស្វ័យទទួលខុសត្រូវលើការងារនៅតំបន់របស់ខ្លួន។ យន្តការនេះ គឺជាគិតគូរបែបយុទ្ធសាស្ត្រក្នុងការត្រៀមបង្ការគ្រោះភ័យ នៃគ្រោះមហន្តរាយ (Emergency Response and Preparedness) ដែលបាន និងកំពុងធ្វើរៀងរាល់ឆ្នាំ មិនមែនទើបតែឆ្នាំនេះនោះទេ។

លោកគូសបញ្ជាក់ថា ក្រៅពីថវិកាដែលបានវិភាជជូនមន្ទីរ ក្រសួងក៏មានថវិកាបម្រុងមួយចំនួន សម្រាប់ជួយអន្តរាគមន៍បន្ទាន់បន្ថែមក្នុងករណី មន្ទីរបានឆ្លើយតប តែមិនបានគ្រប់គ្រាន់ ដោយសារទំហំការខូចខាតខ្លាំងពេក។ ដើម្បីជួយដោះស្រាយបញ្ហាចំពោះមុខ ក្រសួងបានស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីបន្ថែមថវិកាសម្រាប់ស្តារឡើងវិញក្រោយទឹកជំនន់ស្រកអស់៕