(មណ្ឌលគិរី)៖ អ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុងប្រមូលអនុផលព្រៃឈើនៅក្នុងភាគខាងត្បូង នៃដែនជម្រកសត្វព្រៃកែវសីមា កាលពីចុងខែតុលាកន្លងទៅ។ នេះបើយោងតាមការឱ្យដឹងពីអង្គការអភិរក្សសត្វព្រៃ WCS នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅពេលបានឃើញហ្វូងដំរីទាំងនោះភ្លាម ពួកគាត់ (ពលរដ្ឋ) បានប្រញាប់ប្រញាលរត់ឡើងលើដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ខណៈនោះដែរលោក ពឿន កឿន ជាអ្នកភូមិម្នាក់ក្នុងក្រុមនោះដែរ បានយកទូរស័ព្ទឆ្លាតវៃរបស់គាត់ថតសកម្មភាពសត្វដំរីទាំងនោះ កំពុងស៊ីឬស្សី និងដើរឆ្លងកាត់ក្រោមដើមឈើ ដែលពួកគាត់កំពុងលាក់ខ្លួន។

ក្នុងហ្វូងនោះ មានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតាហ្វូងដំរីនីមួយៗដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។ ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី មានការប៉ាន់ប្រមាណថា មានដំរីប្រហែល ១០០ក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយការដែលបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។

អង្គការ WCS បានឱ្យដឹងថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រករបស់ពួកវា ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។

ក៏ប៉ុន្តែប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ដំរីទាំងនោះ មិនសប្បាយចិត្ត និងរអ៊ូរទាំថា សត្វដំរីទាំងនោះ តែងតែមកស៊ីបំផ្លាញដំណាំរបស់ពួកគាត់ជារឿយៗ៕