(កណ្ដាល)៖ បាក់របងដេប៉ូខ្សាច់របស់ថៅកែឈ្មោះ ផាន សុផានអានីតា បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋអស់១៨ខ្នង ព្រមទាំងខូចខាតសម្ភារមួយចំនួន នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមប្រជាពលរដ្ឋរងគ្រោះបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងនៅពេលព្រលឹមម៉ោងជាង៦ ស្រាប់តែបាក់របងគ្រឹប ខ្សាច់ និងទឹកហូរបុកចូលផ្ទះពួកគាត់ភ្លាមៗ ដែលបង្កឱ្យខូចខាតសម្ភារក្នុងផ្ទះ និងសម្ភារផ្សេងៗទៀតជាច្រើន។ សំណាងល្អដែលមិនមានករណីប៉ះពាល់ធ្ងន់ធ្ងរ។

អ្នកភូមិដដែលលើកឡើងថា ទីតាំងដេប៉ូនេះ ជួលគេទេហើយរបងមានតាំងពីយូរមកហើយ ខណៈពួកគាត់បារម្ភខ្លាចថា ថ្ងៃណាមួយអាចបាក់មកប៉ះពាល់ពួកគាត់នៅថ្ងៃណាមួយមិនខានឡើយ។ ស្រាប់តែថ្ងៃទី២៤ វិច្ឆិកា ក៏បាក់ដូចការស្មានរបស់ពួកគាត់ពិតមែន ដែលកត្តានេះថា តើនរណាជាអ្នកអនុញ្ញាតឱ្យដាក់ខ្សាច់ ដោយមិនមើលបច្ចេកទេសឱ្យគ្រប់ជ្រោងបែបនេះ ហើយថានេះជា «ការធ្វេសប្រហែសគួរជាទីបារម្ភ»។

បើតាមលោក ជាម ខូយ ចៅសង្កាត់តាខ្មៅ បានឱ្យដឹងថា លោកមិនស្គាល់ម្ចាស់ដេប៉ូខ្សាច់នេះទេ ហើយរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ មិនបាននិយាយអ្វីឡើយ ដោយគ្រាន់តែដើរមើលស្ថានភាពមួយភ្លែតហើយក៏ឡើងឡានត្រឡប់ទៅវិញបាត់ទៅ។

ចំពោះករណីនេះលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមរយៈទូរស័ព្ទថា លោកបានចាត់ឱ្យម្ចាស់ដេប៉ូត្រូវសងការខូចខាតទាំងអស់ ដល់ពលរដ្ឋ ហើយត្រូវសាងសង់របងឱ្យរឹងមាំឡើងវិញ ស្របតាមបទដ្ឋានបច្ចេកទេសឡើងវិញ។

គួរជម្រាបជូនថា ក្រុមប្រជាពលរដ្ឋនៅតែបារម្ភចំពោះបទដ្ឋានបច្ចេកទេសរបស់ដេប៉ូខ្សាច់ ការដឹកខ្សាច់ ដែលតែងតែបង្កើតបញ្ហាមិនចេះចប់មិនចេះហើយ ដែលនាំឱ្យខូចខាតទាំងហេដ្ឋារចនាសម្ព័ន្ធ ខូចបរិស្ថាន ខូចខាតផ្ទះសំបែង ប៉ះពាល់សុខភាពប្រជាពលរដ្ឋជាដើម៕