(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ បានថ្លែងថា តំបន់ដែលជាទីតាំង ស្ថាបនាសាងសង់ សាកលវិទ្យាល័យនេះ គឺជាតំបន់ដែលបង្កប់ដោយភាពរីករាយផង និងក៏ជាតំបន់បង្កប់ដោយឈាម និងទឹកភ្នែកផងដែរ។

ហេតុដែលសម្តេចលើកឡើងយ៉ាងដូច្នេះ ក៏ព្រោះថាសម្តេចធ្លាប់រស់នៅតំបន់នេះ និងឆ្លងកាត់ឧបសគ្គជាច្រើន ដោយសម្តេចលើកឡើងថា ជាតំបន់នេះដែលរងការឈ្លានពាន ពីកងទ័ពអាមេរិកតាមផ្លូវជាតិលេខ៧មុនគេ នៅឆ្នាំ១៩៧០ ហើយតំបន់នេះ ជាតំបន់ដែលសម្តេចរៀបការ ព្រមគ្នាមួយនឹងគូស្វាមី១៣គូ ក្រោមការផ្សំផ្គុំរបស់ ប៉ុល ពត។ លើសពីនេះទៅទៀតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តំបន់នេះផងដែរ ជាតំបន់ដែលកូនច្បងរបស់សម្តេចចាប់កំណើត តែជាអកុសលបានបាត់បង់ជីវិត នៅស្រុកមេមត់។ ជាមួយនេះសម្តេចក៏ធ្លាប់រងរបួស ៥ដងនៅតំបន់នេះផងដែរ។

សម្តេចតេជោ បានថ្លែងទៀតថា ប្រជាពលរដ្ឋនៅតំបន់នេះ បានស្គាល់លោកច្រើន និងសូមការពិភាក្សារឿងរ៉ាវមួយចំនួនផងដែរ ប៉ុន្តែដោយសារពេលវេលារៀបចំ នៃការសម្ពោធសកលវិទ្យាល័យ ហេង សំរិន សម្តេចសុំការយោគយល់អធ្យាស្រ័យ ចំពោះការមិនបានពិភាក្សា ជាមួយបងប្អូនប្រជាពលរដ្ឋ៕