(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចឱ្យ លោក ញឹក ប៊ុនឆៃ កែប្រែសញ្ញាសម្គាល់គណបក្សខ្មែរ រួបរួមជាតិ របស់លោកឡើងវិញ ដោយសារតែមានលក្ខណៈដូចទៅនឹង សញ្ញាសម្គាល់គណបក្សដទៃ ដែលបានប្រើប្រាស់រួចហើយ។ នេះបើតាមលិខិតរបស់សម្តេច ស ខេង ផ្ញើជូនលោក ញឹក ប៊ុនឆៃ។

លិខិតសម្តេចក្រឡាហោម ស ខេង ដែលចេញកាលពីម្សិលមិញ បានឱ្យដឹងថា «ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សញ្ញាសម្គាល់របស់គណបក្សខ្មែររួបរួមជាតិ គឺជាសញ្ញាសម្គាល់ដែលគណបក្សនយោបាយផ្សេង បានប្រើប្រាស់រួចមកហើយ។ ដូច្នេះក្រសួងមហាផ្ទៃស្នើសុំឱ្យឯកឧត្តម ធ្វើការផ្លាស់ប្តូរសញ្ញាសម្គាល់ របស់គណបក្សឡើងវិញ ដើម្បីឱ្យស្របតាមច្បាប់ ដែលបានកំណត់»

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានធ្វើលិខិតមួយ ជំទាស់ទៅនឹងការបង្កើតគណបក្សថ្មីរបស់ លោក ញឹក ប៊ុនឆៃ ដែលបានយករូបស្លាកសញ្ញា (ឡូហ្គោ) ស្រដៀងនឹងគណបក្សហ៊្វុនស៊ិនប៉ិចចាស់ និងបានប្រើឈ្មោះ ដូចទៅនឹងគណបក្ស ដែលធ្លាប់បានបង្កើតរួចហើយ៕