(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានបាញ់គ្រាប់ពិត របស់កងពលតូចថ្មើរជើងលេខ៥១ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ សិក្ខាកាមសរុបចំនួន ១៥០នាក់ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែងចំនួន ៣វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ៤៥០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរ ជើងលេខ៥១៣, ៥១៤ និងអង្គភាពចំណុះទីបញ្ជាការកងពល ក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទីយោធភូមិភាគទី៥។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរ និងអបអរសាទរ ចំពោះលោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលនូវការប្រោសប្រទាន តម្លើងឋានន្តរស័ក្កិជាឧត្តមសេនីយ៍ត្រី និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងពល ក៏ដូចជានាយ-ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ពិសេស គឺបានបើកវគ្គហ្វឹកហ្វឺន តាមផែនការចំនួន ៦វគ្គ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានគុណភាព។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ឱកាសមាសសម្រាប់កងទ័ព គឺខិតខំហ្វឹកហ្វឺន បំប៉នពង្រឹងសមត្ថភាពជំនាញ យុទ្ធវិធីឱ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភាពទឹកដី ដែលជាកតព្វកិច្ចរបស់យោធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តភារកិច្ចពីរៀមច្បងដែលមានវ័យចាស់។ ស្ថិតនៅក្នុងផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងទ័ពជើងគោក ឱកាសសម្រាប់នាយ-ពលទាហានវ័យក្មេង ត្រូវខិតខំ ហ្វឹកហ្វឺនរៀនសូត្រ បំប៉នពង្រឹងជំនាញ និងបញ្ចេញសមត្ថភាព ព្រោះថាការតែងតាំង ឬតម្លើងឋានន្តរសិក្ក័ ធ្វើឡើងដោយសមត្ថភាពពិតប្រាកដ គ្មានបក្សពួក គ្មានការសូកប៉ាន់ណាមួយឡើយ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណចំពោះនាយ-ពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១ គឺបានខិតខំប្រឹងប្រែងបំពេញបេសកកម្មចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ ការងារមនុស្សធម៌ យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាពរវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាកទីនោះមានមុខកងទ័ពចុះជួយជានិច្ច ពិសេសបំផុតនោះ ក្នុងកំលុងពេលទឹកជំនន់ អង្គភាពនេះបានខិតខំរហូតទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ និងប្រជាពលរដ្ឋផងដែរ៕