(ភ្នំពេញ)៖ កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» រៃអង្គាសថវិកាបានជាង ១ពាន់ ៦០០លានរៀល ស្មើនឹងជាង ៤០ម៉ឺនដុល្លារហើយ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាចំនួនថវិកាហួសពីការរំពឹងទុក។

មន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យមួយដែលបានធ្វើបេសកកម្មជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ដោយមិនគិតប្រាក់កម្រៃតាំងពីរឆ្នាំ១៩៩៩មកម្ល៉េះ។ ឆ្នាំ២០២០ ព្រោះតែការរីករាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឱ្យមន្ទីរពេទ្យជួបកង្វះថវិកានៅក្នុងប្រតិបត្តិការរបស់ខ្លួន។

លោក ទេព ណាវី នាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឱ្យដឹងថា ប្រតិបត្តិការរបស់មន្ទីរពេទ្យពឹងផ្អែកទាំងស្រុងលើថវិកាសម្បុរសធម៌ពីក្រៅប្រទេស និងក្នុងស្រុក។ វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យមន្ទីរពេទ្យកាត់បន្ថយគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ពី ៦លាន ៥សែនដុល្លារ មកនៅត្រឹមតែ ៥លាន ៩សែនប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២០។

ក្នុងនោះថវិកាប្រមាណ ៣លាន ៣សែនដុល្លារ ត្រូវបានសប្បុរសជន និងអង្គភាពមូលនិធិក្រៅប្រទេស ប្តេជ្ញាបន្តផ្តល់ជំនួយ។ ដោយឡែកថវិកាដែលនៅសល់ជិត ៣លាន សម្រាប់ទ្រទ្រង់ប្រតិបត្តិការនោះ តម្រូវឱ្យមន្ទីរពេទ្យស្វះស្វែងរកពីសប្បុរសជននៅក្នុងស្រុក។

ដើម្បីស្វះស្វែងរកថវិកាសម្រាប់ដំណើរការសង្គ្រោះជីវិតកុមារកម្ពុជានេះ មន្ទីរពេទ្យបានបង្កើតកម្មវិធីសប្បុរសធម៌ជាច្រើន។ ជាមួយគ្នានេះ មន្ទីរពេទ្យក៏បានបង្កើតកម្មវិធីរៃអង្គាសថវិកាមួយទៀតឈ្មោះថា «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយរំពឹងថា អាចស្វះស្វែងរកថវិកាបន្ថែមជួយដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ។

«រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» គឺជាគម្រោងដើម្បីផ្ដល់គំរូវិជ្ជមានក្នុងសហគមន៍ ត្រូវបានផ្ដួចផ្ដើមឡើងដោយ លោក សាយ ជាតារាចម្រៀងមួយរូបដែលចូលចិត្តការរត់។ កម្មវិធីនេះដើម្បីអបអរសាទរគម្រប់ខួបអាយុ ៣០ឆ្នាំ និងដើម្បីតបស្នងទៅសង្គមជាតិវិញ ដោយការរត់ជុំវិញប្រទេសដើម្បីរៃអង្គាសមូលនិធិសម្រាប់ជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ។

ការប្រមូលមូលនិធិនេះ មិនមែនផ្ដោតតែទៅលើការរៃអង្គាសថវិកាតែប៉ុណ្ណោះទេ ប៉ុន្ដែវាត្រូវបានធ្វើឡើងក្នុងអត្ថន័យ និងគោលដៅ ដែលលោកសាយ ចង់ឲ្យមានការចាប់អារម្មណ៍ទៅដល់ការជួយកុមារ និងអនាគតរបស់ពួកគេផងដែរ។

លោក អួន បឋម ដែលគេស្គាល់ជាទូទៅថា «សាយ» ជឿជាក់ថា «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» វាជាផ្នែកមួយជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងដើម្បីជួយកុមារដែលកំពុងត្រូវការការគាំទ្រផ្នែកសុខាភិបាលផងដែរ។

ដោយការប្ដេជ្ញាចិត្តរត់ជុំវិញប្រទេសកម្ពុជា ដើម្បីប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ សាយ ដោយរត់ក្នុងរយៈពេល ៩៩ថ្ងៃ លើចម្ងាយផ្លូហើយក្នុងមួយថ្ងៃតម្រូវឲ្យរត់ចម្ងាយប្រហាក់ប្រហែល ៤០គីឡូម៉ែត្រ។ សាយ បានចាប់ផ្តើមរត់ចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ហើយគ្រោងបញ្ចប់ទៅវិញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សាយ បានរត់ចូលដល់ក្រុងសៀមរាប ហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ សាយ បានប្រាប់ Fresh News នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះថា លោកនឹងបន្តរត់ចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តដទៃឆ្ពោះមករាជធានីភ្នំពេញវិញ។

ម្ចាស់បទ «ងប់ងល់» លោក សាយ បានថ្លែងបន្តថា ទោះបីការរត់នេះឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើន តែលោកសប្បាយរីករាយ ដោយឃើញសប្បុរសជនចូលរួមយ៉ាងផុលផុស។ បើតាមលោក សាយ ថវិកាដែលទទួលបានពីសប្បុរសជននេះបានលើសពីផែនការរំពឹងទុក។

បើទោះបីជាយ៉ាងណា សាយ នៅតែបន្តអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាព ដើម្បីជួយទ្រទ្រង់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាជួយសង្គ្រោះកុមារកម្ពុជាពីជំងឺផ្សេងៗ។

យោងតាមមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទឹកប្រាក់ដែលទទួលបានពីកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» មានចំនួន ៤០៥,៥០៧.៩០ដុល្លារ។ ក្នុងនោះទឹកប្រាក់ដែលទទួលបានពីការលេងហ្គេម «១ដុល្លារ ដើម្បីកុមារកម្ពុជា» មានចំនួន ៣៣៣,៥៥៩.៧៦ដុល្លារ។

សកម្មភាពរត់ដើម្បីមនុស្សធម៌របស់ សាយ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជន ព្រោះយុវជន គឺជាសសរទ្រូងដ៏សំខាន់របស់សង្គមជាតិទាំងមូល។ វាពិតជាសំខាន់ណាស់ដែលប្រជាពលរដ្ឋម្នាក់ៗនៅក្នុងសង្គមជាតិ ចូលរួមចែករំលែកដោះស្រាយបញ្ហាមិនថា តូច ឬធំ រក្សាឲ្យបាននូវការរួបរួមគ្នា ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

នេះគឺជាក្ដីសង្ឃឹម និងការចូលរួមគាំទ្រតូចមួយ ដើម្បីយុវជនជំនាន់ក្រោយ ជាពិសេសដើម្បីធានាបានថា កុមារទទួលបានឱកាសដូចៗគ្នាក្នុងការលូតលាស់ប្រកបដោយសុខភាពបរិបូណ៌ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សប្បុរសជនដែលចង់ចូលរួមបរិច្ចាគថវិកា ដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យកុមារអង្គរ អាចបរិច្ចាគតាមគណនេយ្យធានាគាររបស់មន្ទីរពេទ្យកុមារអង្គរដូចខាងក្រោម៖

១. ធនាគារABA: 000 320 555 (Angkor Hospital for Children Limited ឬ Angkor Hospital for Children – AHC )
២. វីង: 03206872 (AHC Patient Contributions)
៣. អនឡាញ: https://www.simplygiving.com/run-for-charity-with-sai
ការបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ជាទូទៅ៖
១. ធនាគារABA: 000 853 843 (Angkor Hospital for Children)២. ធនាគារស្ថាបនា: 07 80 80 82 83 41 00 102៣. វីង: 9122 (ប្រាក់រៀល) 8122(ប្រាក់ដុល្លារ)
៤. ធនាគារអេស៊ីលីដា: 0100-01-056968-2-8 (Angkor Hospital for Children)
៥. Online: angkorhospital.org/donate