(បន្ទាយមានជ័យ)៖ គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងនាពេលកន្លងទៅ បានធ្វើឱ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជា ៤ពាន់ខ្នង ក្នុងនោះខូចខាតប្រមាណជា ១០ភាគរយ ដែលទាមទារឱ្យមានការសាងសង់ ឬជួសជុលឡើងវិញ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុ រាត្រី ជាអភិបាលខេត្ត បាននិងកំពុងយកចិត្តទុកដាក់ធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ។

លោកទេសរដ្ឋមន្ត្រី គន់ គីម នៅថ្ងៃទី២២ ខែវិច្ឆិកា ក៏បានធ្វើដំណើរចុះទៅពិនិត្យដោយផ្ទាល់នូវការជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញនោះ។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងប្រាប់ប្រជាពលរដ្ឋរងគ្រោះ ពីការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកក៏បានជម្រាបពលរដ្ឋពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះពលរដ្ឋរងគ្រោះ និងបានណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋក្រោយទឹកជំនន់បានស្រកទៅវិញនេះ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរអភិបាល អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចក្នុងខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ រួមទាំងការសាងសង់ផ្ទះឡើងវិញផងដែរ។

បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី បន្តលើកទឹកចិត្ត និងជំរុញឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបន្ថែមទៀតចំពោះពលរដ្ឋរងគ្រោះ តាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕