(ត្បូងឃ្មុំ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ រវាងទីក្រុង និងជនបទ និងរវាងអ្នកមាន និងអ្នកក្រ ដោយត្រូវចាប់ផ្តើមពីហេដ្ឋារចនាសម្ព័ន្ធ និងពីការបណ្តុះបណ្តាលធនធានមនុស្ស។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព បានអញ្ជើញដល់ និងជាអធិបតីសម្ពោធ សាកលវិទ្យាល័យ ហេង សំរិន នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សម្តេចតេជោបានថ្លែងថា «យើងចោទជាសំណួរថា នៅលើពិភពលោកនេះ តើការកាត់បន្ថយគម្លាត ខាងទ្រព្យសម្បត្តិអាចធ្វើបានឬទេ? មានតែប៉ុលពត មួយគត់ដែលអាចធ្វើបាន កាត់បន្ថយគម្លាតរវាងអ្នកមាន អ្នកក្រ ឲ្យមកនៅដូចគ្នាទាំងអស់ ធ្វើរួម ស៊ីរួម កម្មសិទ្ធិសមរម្យ គឺស្បោងមួយតូច និងចានមួយ ស្លាបព្រាមួយ អាហ្នឹងអាពត ធ្វើបាន!។ ប៉ុន្តែនៅលើពិភពលោកបច្ចុប្បន្ននេះ មិនមានប្រទេសណាធ្វើកើតទេ វាតែងមានអ្នកមាន វាតែងមានអ្នកក្រ អីចឹងការកាត់បន្ថយគម្លាត ខាងទ្រព្យសម្បត្តិពិបាកធ្វើណាស់ ។ ការខិតខំរបស់យើងគឺខិតខំធ្វើឲ្យ អ្នកក្រីក្ររបស់យើង ទទួលបានប្រាក់ចំណូល មិនអាចទៅរំលាយចោលអ្នកមាន ដូចគោលនយោបាយ របស់បក្សនយោបាយរបស់មួយចំនួន ឬប៉ុលពតនោះទេ»

សម្តេចបានថ្លែងបញ្ជាក់ទៀតថា «ខ្ញុំព្រះករុណាខ្ញុំ មានការជឿទុកចិត្ត ថាការកាត់បន្ថយគម្លាតផ្នែកខួរក្បាលអាចធ្វើទៅរួច តាមរយៈការវិនិយោគរបស់រដ្ឋ ព្រោះមនុស្សកើតមកគ្រាន់តែមានចំណុចខុសគ្នា អំពីទីកន្លែងកើតក្រុមគ្រួសារ ត្រកូលតែប៉ុណ្ណោះ ក៏ប៉ុន្តែគ្មាននរណាកើតមក យកមកជាមួយនូវមាសប្រាក់ នូវទ្រព្យសម្បត្តិ ឬក៏កើតមកឆ្លាតតែម្តងនោះទេ វាត្រូវចាប់ផ្តើមរៀនពីតូចដូចគ្នា។ កើតមកស្រាតទាំងអស់គ្នាទេ គ្រាន់តែកូនអ្នកមានគេហៅលោកប្រុសទៅ កូនអ្នកក្រគេហៅអាក្ដឹប រាជបុត្រគេហៅព្រះអង្គម្ចាស់ ក៏ប៉ុន្តែសួរថា ទារក ឬកុមារនោះមានចំណេះវិជ្ជាទេ គឺអត់ទេ ត្រូវចាប់ផ្តើមរៀនដូចគ្នា​»

សូមស្តាប់ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៖