(សៀមរាប)៖ «ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិររីរាង្គ ប្រមាណ២០% ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម»។ នេះជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងទិវាអនាម័យបរិស្ថាន ២៣ វិច្ឆិកា និងពិធីបុណ្យទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ២០២០ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក នេត្រ ភក្ត្រា បានបន្តថា កម្ពុជាមិនទាន់មានតួលេខថាក្នុងមួយឆ្នាំប្រើប្រាស់ប្លាស្ទិកប៉ុន្មានតោននៅឡើយ ប៉ុន្តែគ្រាន់តែនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃថង់ប្លាស្ទិកជាង ១០លានថង់ ត្រូវបានប្រើប្រាស់។ នៅលើពិភពលោក ក្នុងមួយឆ្នាំបានប្រើប្រាស់ប្លាស្ទិកចន្លោះពី៤០០ ទៅ៦០០លានតោន ហើយចាប់តាំងពីបង្កើតប្លាស្ទិកមក សំណល់ប្លាស្ទិកនៅលើភពផែនដីមានប្រមាណ ៩,៣ប៊ីលានតោន ហើយចំនួននេះនឹងត្រូវបន្តកើនឡើងនៅពេលដែលចាប់ពីឆ្នាំ២០២៥ ពិភពលោកប្រើប្រាស់ប្លាស្ទិកប្រមាណ ៦០០លានតោន ក្នុងមួយឆ្នាំ។ ប្រសិនបើមិនមានវិធានការតឹងរឹងក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកលើទេ នៅលើពិភពលោកនឹងមានសំណល់ប្លាស្ទិកកើនដល់ ៣៤ប៊ីលានតោននៅឆ្នាំ២០៥០ ហើយចំនួននេះមាន ច្រើនជាងចំនួនត្រីនៅក្នុងមហាសមុទ្រទៅទៀត។

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា តាមរបាយការណ៍កាលពីឆ្នាំ២០១៩កន្លងទៅ សំណល់ប្លាស្ទិកជាង ៤០០០ ការ៉ុង (ទម្ងន់ប្រមាណជិត ២០០តោន) ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ២០២០ នេះ សំណល់ប្លាស្ទិកប្រមាណជាង ៥០០០ថង់ (ប្រមាណជិត ២៥០តោន) ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត សៀមរាបរួមនឹងមន្ទីរបរិស្ថាន និងអង្គការដៃគូដែលបានសហការគ្នាដើម្បីសម្អាតអនាម័យបរិស្ថាន នៅក្នុងខេត្តទេសចរណ៍មួយនេះ និងជាពិសេសការផ្តួចផ្តើមគំនិតនិងចលនាប្រជាពលរដ្ឋចូលរួមក្នុង ការប្រមូលសំណល់ប្លាស្ទិកចេញពីទន្លេសាប និងការទប់ស្កាត់មិនឱ្យប្លាស្ទិកហូរចូលទន្លេសាបតាម រយៈការស្ទាក់ចាប់តាមប្រភពទឹកនានារួមមានស្ទឹងព្រែកនានា។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាសហគមន៍រស់នៅលើបឹងទន្លេសាបទាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តដទៃទៀតរួមមាន៖ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ចូលរួមសម្អាតបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសំដៅទប់ស្កាត់ការបំពុលប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅទន្លេសាបជាបឹងដែលពិភពលោកទទួលស្គាល់ថាសម្បូណ៌ត្រីច្រើនជាងគេ។ បឹងទន្លេសាបមានទេសភាពស្អាតសម្បូណ៌ដោយជីវៈចម្រុះជាពិសេសមច្ឆជាតិជាច្រើនប្រភេទ មានប្រព័ន្ធអេកូឡូស៊ី ដែលចាំបាច់ត្រូវតែទប់ស្កាត់កុំឱ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឱ្យបានល្អ សោភ័ណភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ យើងត្រូវអនុវត្តនូវទិសស្លោក យើងស្អាត សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក។

លោក នេត្រ ភក្ត្រា បានបន្តថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកនៅថ្ងៃនេះ ដើម្បីបំផុសចលនាឱ្យប្រជាពលរដ្ឋបញ្ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឱ្យបឹងទន្លេសាប ទទួលរងនូវការបំពុលដោយសំរាមជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។ ការអប់រំ និងផ្សព្វផ្សាយលើផលប៉ះពាល់ពីសំណល់ប្លាស្ទិកពិតជាមានសារៈសំខាន់ និងត្រូវធ្វើជាប្រចាំហើយជាមួយគ្នានេះត្រូវមានការចូលរួមអនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាច។

បើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០៖ បរិមាណបង្កើតសំណល់ប្រមាណ ៥០៦តោន ក្នុងថ្ងៃ ហើយបរិមាណកែច្នៃឡើវិញមានប្រមាណ ១០៣តោន ក្នុងថ្ងៃ (អាជីវករប្រមូលទិញអេតចាយ មានចំនួន៤៩ទីតាំង) បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ ២៤១តោនក្នុងថ្ងៃ ហើយបរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ ១៦២តោនក្នុងថ្ងៃ ដែលបានដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ។

អង្គការមូលនិធិទំពាំងស្នងឫស្សីដឹកនាំដោយលោក ស៊ា សុផល បានចាប់ផ្តើមអនុវត្តសកម្មភាពប្រមូលសំណល់ប្លាស្ទិកពីសហគមន៍បឹងទន្លេសាបចាប់ពីឆ្នាំ២០១៧ នារដូវទឹកសម្រក និងរដូវទឹកតំឡើងជាររៀងរាល់ឆ្នាំ រហូតដល់បច្ចុប្បន្ន និងបន្តសកម្មភាពនៅឆ្នាំបន្តបន្ទាប់ៗទៀត។ ចំណែកការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ អនាម័យបរិស្ថានល្អ សុខភាពសគមន៍ល្អ ដែលមន្ទីរបរិស្ថានបានសហកាជាមួយរដ្ឋបាលខេត្ត ស្រុកសូទ្រនិគម និងឃុំកំពង់ឃ្លាំង ដោយមានការគាំទ្រពីអង្គការមូលនិធិទំពាំងស្នងឬស្សី សហការជាមួយអង្គការអន្តរជាតិសម្ព័ន្ធភាពស្តារមហាសមុទ្រ ក្នុងការប្រារព្ធទិវាអនាម័យបរិស្ថានជាតិនេះឡើង ដែលត្រូវបានគ្រោងរៀបចំសកម្មភាពនេះមានរយៈពេល ៤ថ្ងៃ នៅតាមទីតាំងប្រជាសហគមន៍បឹងទន្លសាបនារដូវទឹកសម្រក តាមកម្មវិធីដូចខាងក្រោម៖

ទី១៖ ចាប់ផ្តើមយុទ្ធនាការ នៅថ្ងៃទី២២ ខែវិច្ឆកា ២០២០ នៅបរិវេណវត្តបរិវេណវត្តកំពង់ឃ្លាំង ភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមន ដែលមានការចូលរួមពីអង្គភាព-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណ ៥០០-៦០០នាក់, ទី២៖ ថ្ងៃទី២៥ នឹងធ្វើនៅឃុំកែវព័រ ដែលមានមានការចូលរួមប្រមាណ ៤០០នាក់, ទី៣៖ ថ្ងៃទី២៦ នឹងធ្វើនៅឃុំកំពង់ភ្លុក ដែលមានការចូលរួមប្រមាណ ២៥០នាក់, ទី៤៖ ថ្ងៃទី២៧ នឹងធ្វើនៅសង្កាត់ចុងឃ្នៀស ដែលមានការចូលរួមប្រមាណ ២៥០នាក់ និងទី៥៖ យុទ្ធនាការនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ហើយពិធីនឹងធ្វើនៅដងស្ទឹងសៀមរាប ក្នុងសង្កាត់សៀមរាប ដែលមានការចូលរួមប្រមាណ ១៣០០នាក់៕