(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ ឲ្យសោះ គឺត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះ ខណៈដែលលោកស្រីអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ជនងាយរងគ្រោះចាស់ជរា ៤៣គ្រួសារ ជនពិការ ៥នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៥៨គ្រួសារ ដែលសរុបមានចំនួន ១០៦គ្រួសារ មកពី ១០ឃុំក្នុងស្រុករំដួល ស្ថិតសាលាស្រុករំដួល និងមានការចូលរួមអមដំណើរដោយលោក លោកស្រី ប្រធាន អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខាជាច្រើនរូបទៀតផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។

សម្រាប់អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ១០៦គ្រួសារនោះ ក្នុង១ គ្រួសារទទួលបាន អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, កន្ទេលបត់ ១, ឃីត ១កញ្ចប់(មុង ១ ភួយ ១ ក្រមា ១ សារុង ១), និងថវិកា ៥០,០០០រៀល៕