(ស្ទឹងត្រែង)៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈចុះទៅជួសជុលម៉ូទ័របូមទឹកនៅក្នុងទឹក ដោយដំបូងគេសង្ស័យថា ឆ្លងចរន្តខ្សែភ្លើងនៅពេលដែលកំពុងជួសជុល តែក្រោយពីបានធ្វើកោសល្យវិច័យរួមមកឃើញថា ជនងគ្រោះបានលង់ទឹកស្លាប់។

ករណីនេះកេីតឡេីង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកណ្តាល ឃុំព្រះរំកិល ក្នុងស្រុកបុរីអូរស្វាយសែនជយ័ ខេត្តស្ទឹងត្រែង។

លោក លុន តៃហុង អធិការរងស្រុកបុរីអូរស្វាយសែនជ័យ ទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលបានស្លាប់ខាងលើនោះ មានឈ្មោះ
ខាំផាន់ ប៊ុនលឿម ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់ទឹកកកអនាម័យ រស់នៅភូមិ-ឃុំកើតហេតុ។

នៅមុនពេលកើតហេតុរូបគាត់ និងចៅបានចុះពីច្រាំងទន្លេទៅមាត់ទឹកកន្លែងដាក់ម៉ូទ័របូមទឹក ដើម្បីជួសជុលម៉ូទ័រ តែក្រោយមកដោយចៅរបស់គាត់ ចាំតាយូរពេកក៏រត់ឡើងច្រាំងទន្លេទៅលេងវិញ ហើយក៏បានមើលឃើញតាអណ្តែតផ្កាប់មុខនៅក្នុងទឹក បន្ទាប់មកចៅរបស់ជនរងគ្រោះបានស្រែកហៅអ្នកជិតខាងឲ្យចុះមកជួយទាញស្រង់យកសាកសពជនរងគ្រោះពីក្នុងទឹកមកដាក់លើគោក។

ក្រោយមកក៏បានធ្វើការពិនិត្យពីគ្រូពេទ្យ និងសមត្ថកិច្ចជំនាញព្រមទាំងក្រុមគ្រួសាររបស់ជនរងគ្រោះលើកោសល្យវិច័យ ឃើញថា នៅលើខ្លួនប្រាណរបស់ជនរងគ្រោះអត់មានស្លាកស្នាមជាំខ្មៅអ្វីដែលបញ្ជាក់ថា ឆ្លងចរន្តអគ្គីសនីឆក់ខ្សែភ្លើងស្លាប់នោះទេ គឺមូលហេតុស្លាប់ដោយសារលង់ទឹក។

បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕