(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ដែលធ្វើដំណើរមកពីប្រទេសជប៉ុន និងមិនមានករណីជាសះស្បើយនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេស កូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី៤ ថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា តាមជើងហោះហើរខាងលើនេះ មានអ្នកដំណើរសរុបចំនួន៣៩នាក់ ពេលមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានធ្វើតេស្តលើកទី១ ដែលលទ្ធផលបង្ហាញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានបុរសជនជាតិខ្មែរ ២នាក់ រកឃើញវិជ្ជមានវីរុសកូវីដ១៩ បច្ចុប្បន្ននេះ មានម្នាក់កំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯម្នាក់ទៀតជាសះស្បើយ។

នៅពេលធ្វើតេស្តលើកទី២ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៃថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរខាងលើ មានបុរសជនជាតិខ្មែរ២នាក់ទៀត រកឃើញវិជ្ជមានកូវីដ១៩ ហើយពួកគាត់ទាំង២នាក់ បានជាសះស្បើយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អ្នកដំណើរសល់ចំនួន៣៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន នៅពេលនោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារចំនួន២ នៅរាជធានីភ្នំពេញចំនួន២៨នាក់ និងនៅវិទ្យាស័យពោធិចិនតុង ចំនួន៦នាក់។

បច្ចុប្បន្ននេះ អ្នកដំណើរដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យពោចិនតុងចំនួន៦នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីអ្នកដំណើរខាងលើនេះ តម្រូវឲ្យធ្វើបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពបន្ត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣០៦នាក់ (ស្ត្រី៦២នាក់ និងបុរស២៤៤នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៩៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១១នាក់៕