(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសរសេរលិខិតមួយថ្លែងអំណរគុណចំពោះ លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដែលបានអបអរសាទរ និងកោតសរសើរលើការដឹកនាំដ៏ម៉ឺងម៉ាត់ និងជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍ ៣ វិច្ឆិកា កន្លងមកនេះ។ នេះបើតាមលិខិតរបស់លោករដ្ឋមន្រ្តីសុខាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លិខិតថ្លែងអំណរគុណ បានធ្វើឡើងបន្ទាប់ពី លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងធ្វីតទ័រ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍ ៣ វិច្ឆិកា។ លោកស្រីវេជ្ជបណ្ឌិត លី អាលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាលើ Twitter របស់លោកស្រីថា ការរកឃើញបានឆាប់ ឆ្លើយទាន់ពេល ជាមួយនិងកិច្ចអន្តរាគមន៍លើគោលដៅដែលត្រូវបានកំណត់ គឺជាកត្តាចាំបាច់បំផុត ដើម្បីទទួលបានជោគជ័យលើការទប់ស្កាត់មិនឱ្យជំងឺរីករាលដាល។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ «ក្នុងនាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះ លោកស្រីវេជ្ជបណ្ឌិត ជាតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា សម្រាប់ការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ «៣ វិច្ឆិកា» យ៉ាងល្អ ដើម្បីការពារប្រទេសកម្ពុជាឱ្យមានសុវត្ថិភាព និងការទទួលស្គាល់សកម្មភាពសំខាន់ៗក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ សម្រាប់ «ព្រឹត្តិការណ៍ ៣ វិច្ឆិកា» ដូចជា ការរកឃើញករណីបានឆាប់រហ័ស ការឆ្លើយតបយ៉ាងលឿនទាន់ពេលវេលា ជាមួយអន្តរាគមន៍ជាក់លាក់។ ទន្ទឹមនឹងការទទួលស្គាល់នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងមូលរបស់លោកស្រីវេជ្ជបណ្ឌិត ដែលបានគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩»

លោករដ្ឋមន្រ្តីសុខាភិបាលកម្ពុជា បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា អង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជានឹងផ្តល់ការគាំទ្របន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសុខភាព ដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា។

ព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានគេចាត់ទុកជាការគ្រប់គ្រងយ៉ាងជោគជ័យលើការរីករាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីជំងឺនេះមិនបានរីករាលដាលចូលទៅក្នុងសហគមន៍។

ព្រឹត្តិការណ៍ «៣វិច្ឆិកា» អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលរហូតដល់ទៅជាង ៤ពាន់នាក់ ត្រូវបានធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មានមនុស្ស ៤នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនយកទៅព្យាបាល។ អ្នកជំងឺពីរនាក់ បានព្យាបាលជាហើយគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា នៅសល់តែពីរនាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល៕

ខាងក្រោមនេះជាលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា៖