(កណ្ដាល)៖ តុលាការខេត្តកណ្ដាល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចដោះលែងជនដែលវាយសម្លាប់ចោរលួចចេក២ស្ទង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែនីតិវិធីនៅបន្តដដែល។ នេះបើតាមលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។

លោក ទិន សុចិត្រា បានឲ្យដឹងថា លោកស្រីព្រះរាជអាជ្ញារង ស៊ុន យ៉ឺត បានអនុញ្ញាតឲ្យប្រជាការពារឈ្មោះ ផុន សាន ត្រឡប់ទៅផ្ទះវិញ ព្រោះនេះជាការការពារខ្លួនស្របច្បាប់, ប៉ុន្តែដំណើរនីតិវិធី នៅបន្តដដែល។ ប្រជាការពាររូបនេះ ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយវាយសម្លាប់ចោរម្នាក់ឈ្មោះ យ៉េប សុគ្រី បណ្ដាលរបួសពេញខ្លួន និងផុងលលាក្បាលចេញខួរនៅក្នុងទឹកអូរ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ហើយត្រូវការិយាល័យព្រហ្មទណ្ឌកម្រិត បានបញ្ជូនទៅតុលាការ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមម្ដាយជនរងគ្រោះ លោកស្រី សុះ ម៉ះ អាយុ៦៦ឆ្នាំ បានប្រាប់នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា កូនគាត់ពិតជាបានលួចចេកគេពិតមែន ប៉ុន្តែលោកស្រីថា មិនគួរណាទៅសម្លាប់គ្នាដូច្នេះឡើយ ព្រោះខុសត្រូវយ៉ាងណាគួរយកគ្នាទៅដាក់ពន្ធនាគារចុះ។ លោកស្រី មានការស្លុតចិត្តយ៉ាងខ្លាំង ព្រោះដ្បិតកូនគាត់បានប្រព្រឹត្តិខុសមែនពិត ប៉ុន្តែកូនគាត់មិនដែលបង្កើតទំនាស់ធំនោះទេ។

បើតាមការបញ្ជាក់ពីបងប្រុសជនរងគ្រោះ លោក យ៉ា ស្មាអេល ក៏បានឲ្យដឹងដែរថា លោកមិនកាន់ជើងប្អូនគាត់ដែលលួចគេនោះដែរ ហើយគិតត្រឹមថា យ៉ាងហោចណាស់គេចាប់យកទៅដាក់ ពន្ធនាគារតែប៉ុណ្ណោះ ប៉ុន្តែមិនគិតដល់ថ្នាក់គេវាយសម្លាប់យ៉ាងសាហាវឃោរឃៅបែបនេះសោះឡើយ។

លោកបន្តថា នៅលើសាកសពពោរពេញទៅដោយស្នាមជាំរបួស ហើយផុងលលាដ៍ក្បាលហូរខួរចេញមកក្រៅ និងឈាមស្រោចខ្លួនគួរឱ្យអាសូរ។ យ៉ាងណាក៏ដោយ សាច់ញាតិជនរងគ្រោះ ស្នើយ៉ាងទទួច ឲ្យប្រព័ន្ធយុត្តិធម៌ជួយរកយុត្តិធម៌ពិតប្រាកដផង ព្រោះគ្រួសារលោកក្រីក្រ មិនហ៊ានប្ដឹងប្ដល់គេទេ សុំតែមួយរស់ៗប៉ុណ្ណោះ។

បើតាមមេប៉ុស្តិ៍សិត្បូ លោក ប៉ុក វិចិត្ត បានប្រាប់ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាលថា ជនសង្ស័យបានតដៃពេលកំពុងតាមចាប់ខ្លួន ទើបឈានដល់ការជ្រុលដៃវាយ សម្លាប់យ៉ាងដូច្នេះ។ បន្ទាប់ពីជនរងគ្រោះបានស្លាប់បាត់ទៅហើយ ស្រាប់តែលេចមុខប្រជាជនចំនួន១២នាក់ បានមកដាក់បណ្ដឹងប្ដឹងសាកសព ដែលកន្លងមកធ្លាប់លួចផលដំណាំរបស់ពួកគាត់ ដែលករណីនេះបង្កើតឲ្យមានមតិផ្សេងៗគ្នាចំពោះករណីប្ដឹងសាកសពបែបនេះ។

គួរជម្រាបថា បុរសម្នាក់ យ៉េប សុគ្រី បានលួចចេកពងមាន់គេចំនួន២ស្ទង នៅសង្កាត់កោះអន្លង់វិន បំណងលក់នៅសង្កាត់សិត្បូ ប៉ុន្តែត្រូវបានក្រុមប្រជាពលរដ្ឋ និងប្រជាការពារប្រដេញ ចាប់រត់មកដល់ខាងក្រោយរោងចក្រប្រឡាយ៦៤ ក្នុងភូមិពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង ១២៖១០នាទីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០។ នសង្ស័យក៏រត់ចូលទឹកអូរនៅម្ដុំនោះ បំណងគេចចេញពីការចាប់ខ្លួន ប៉ុន្តែជាអកុសល ត្រូវគេវាយសម្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង៕