(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅថ្ងៃខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលសត្វដំរីអាស៊ីមួយក្បាល ដែលជាអំណោយរបស់ រដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីយកមកបន្តពូជជាមួយដំរីកម្ពុជា ព្រមទាំងធ្វើការព្រលែងក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តឧត្តរមានជ័យ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានថ្លែងថា សត្វដំរីអាស៊ីមួយក្បាលនេះមានឈ្មោះ កាវ៉ាន់ អាយុ៣៥ឆ្នាំ ហើយនឹងត្រូវដឹកជញ្ជូនពីប្រទេសប៉ាគីស្ថាន ទៅកាន់ព្រៃនៅតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា ដោយមានការសម្របសម្រួលពីអង្គការ CWS។ ជាមួយនឹងការមកដល់សត្វព្រៃដ៏កម្រនេះដែរ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់នឹងជួយឱ្យការអភិរក្សដំរីអាស៊ីមួយក្បាលនេះ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជឱ្យបានគង់វង្សយូរអង្វែងថែមទៀតនៅកម្ពុជា។

ពាក់ព័ន្ធនឹងការបញ្ជូនសត្វដំរីអាស៊ី ពីប្រទេសប៉ាគីស្ថាន មកកាន់ប្រទេសកម្ពុជា លោក នេត្រ ភក្រ្តា បានលើកឡើងថា «ពេលនេះ គេកំពុងរៀបចំនីតិវិធីក្នុងការបញ្ជូនសត្វដំរីមួយក្បាលនេះ មកកម្ពុជា ហើយតាមអ្វីដែលគេគ្រោងទុក និងការសម្របសម្រួលរវាងអង្គការ CWS និងអង្គការមួយនៅប្រទេសប៉ាគីស្ថាន គេគ្រោងដឹកតាមយន្តហោះមកតែម្តង។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបញ្ជាក់ថា «នៅពេលសត្វដំរីឈ្មោល ឈ្មោះ កាវ៉ាន់ មួយក្បាលនេះត្រូវបានគេដឹកមកដល់ប្រទេសកម្ពុជា នឹងត្រូវផ្ទេរទៅព្រៃនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តឧត្តរមានជ័យ ដែលថែរក្សាដោយអង្គការ CWS និងក្រសួងបរិស្ថាន។ ជាមួយគ្នាសត្វដំរីកាវ៉ាន់ ភេទឈ្មោលមួយនេះ គឺស្ថិតនៅក្នុងចំណោមសត្វដំរីអាស៊ី ដែលជិតផុតពូជផងដែរ។ យើងនឹងថែរក្សាកាវ៉ាន់ ហើយបន្ទាប់ពីវាស្គាល់ព្រៃឈើនៅប្រទេសកម្ពុជាយើងនឹងដោះលែងវាទៅក្នុងព្រៃ ហើយសង្ឃឹមថាកាវ៉ាន់ រីករាយនឹងព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។ ប្រទេសកម្ពុជា ពិតជាមានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលរស់នៅក្នុងតំបន់ការពារធម្មជាតិក្រវាញនិងនៅភាគខាងជើងនៃប្រទេសកម្ពុជា (មណ្ឌលគីរីខេត្តរតនគិរី)»

រដ្ឋលេខាធិការរូបនេះ បានបន្ដថា នៅកម្ពុជាយើងបើគេគិតពីកម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈពីជាង៣០ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល។ ជាមួយគ្នានគេក៏កត់សម្គាល់ឃើញដែរថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាមរដូវកាល និងការស្វែងរកចំណីអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា។ លើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់នៅពេលដំរី បានចូលមកស៊ីដំណាំរបស់ពួកគេ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមផងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានដំរីអាស៊ីចំនួនចន្លោះប្រមាណពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ក្បាល។

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ទៅ ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩,៤៦៣ក្បាលទៅ ៤៧,៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ។ ក្នុងនោះប្រហែល ៧៥ភាគរយ រស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។

ទន្ទឹមជាមួយគ្នាក្រៅពីរងការ គំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា។ អ្នកជំនាញ ក៏បានព្រមានផងដែរថា ដោយសារតែរយៈពេលនៃការបន្តពូជរបស់ដំរីអាស៊ីយឺត (ប្រាំឆ្នាំបង្កើតបានកូនមួយ) បើសិនអាត្រាស្លាប់នៃកូនដំរីព្រៃខ្ពស់ដោយសារតែរងរបួសពីអន្ទាក់នោះ ចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ក្នុងការផុតពូជ។ ដូច្នេះ ហើយទើបសត្វដំរីត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។

សូមបញ្ជាក់ដែរថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដែលហៅថា «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយកំណត់បញ្ហាអាទិភាពចំនួន ៦ ក្នុងនោះ រួមមាន ទី១៖ ការកាត់បន្ថយការបាត់បង់ទីជម្រក, ទី២៖ អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ទី៣៖ ពង្រឹងការអនុវត្តច្បាប់, ទី៤៖ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ទី៥៖ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស និងទី៦៖ អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ៕