(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវចុះមូលដ្ឋានជាប្រចាំ ត្រូវពិនិត្យមើលផ្លូវថ្នល់ ស្ពាន សាលារៀន ពិសេសស្រូវពូជ ពូជដំណាំ សម្រាប់កសិករដាំដុះ ដើម្បីជួយសម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១៨ ក្នុងស្រុកកណ្ដាលស្ទឹង និងយុវជនស្រុកកោះធំ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានលើកឡើងពីស្ថានភាពក្រោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង រងការខូចខាតទាំងផ្លូវ ស្ពាន សាលារៀនផងដែរ។

ក្នុងនោះនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានដោះស្រាយជួយកសាង សាលាបឋមសិក្សារពោធិ៍ព្រឹក ដែលលាសា៣ខ្នងនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កសាងតាំងពីឆ្នាំ១៩៩៥មកម្លេះ។

បច្ចុប្បន្នសាលាមានសភាពទ្រុតទ្រោមខ្លាំង ដោយមើលឃើញពីការលំបាន ក្នុងការរៀនសូត្រ និងខ្លាចមានការបាក់រលំធ្វើឲ្យគ្រោះថ្នាក់ ដល់សិក្សានុសិស្សទើប នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ជួយធ្វើថ្មីឡើងវិញ ចំនួន៣ខ្នង ស្មើនឹង១៥បន្ទប់ ដែលស្ថិតក្នុងឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង។ ដោយឡែក នាយឧត្តមសេនីយ៍ ក៏បានជួយឧបត្ថមកសាងផ្ទះថ្មី ចំនួន១០ខ្នងទៀត ជូនប្រជាពលរដ្ឋដែលខ្វះខាតមកពីស្រុកកោះធំផងដែរ៕