Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌចំការមន ជំរុញការយកចិត្តទុកដាក់លើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក្នុងផ្សារទួលទំពូង

20-11-2020 17:50

(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល ជំរុញការយកចិត្តទុកដាក់លើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក្នុងផ្សារទួលទំពូង និងជុំវិញបរិវេណផ្សារបន្ថែមទៀត ខណៈផ្សារទួលទំពូង គឺជាផ្សារធំមួយ ដែលមានភ្ញៀវបរទេសនិយមចេញចូលច្រើនជាប្រចាំថ្ងៃ។

ការលើកឡើងរបស់អភិបាលខណ្ឌ បានធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងពិធីប្រកាសតែងតាំង អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង ដែលប្រគល់ជូនដល់ លោក ជៀក ពិសិដ្ឋ។

លោក ថេង សុថុល បានថ្លែងថា ការតែងតាំងកាន់តំណែងនេះ គឺជារឿងធម្មតាក្នុងរង្វង់ការងាររដ្ឋបាល ប៉ុន្តែអ្វីដែលសំខាន់ គឺជាសាមគ្គីផ្ទៃក្នុង ការលើកកំពស់ការរៀបចំអនាម័យ បរិស្ថាន ទាំងក្នុង និងជុំវិញផ្សារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់។

លោកអភិបាលខណ្ឌ បានលើកឡើងថា ផ្សារទួលទំពូង គឺជាផ្សារធំមួយក្នុងរាជធានីភ្នំពេញ ដែលមានការនិយមចូលចិត្តចេញចូលពីសំណាក់ភ្ញៀវបរទេសចម្រុះជាតិសាសន៍ ដូច្នេះបើកាលណា ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់មិនល្អ នោះនឹងនាំរងនូវការរិះគន់ពីបរទេស ប៉ុន្តែបើការរៀបចំមានអនាម័យ មានសណ្តាប់ធ្នាប់ល្អ កម្ពុជាក៏នឹងទទួលបានការកោតសរសើរផងដែរ។

នៅក្នុងពិធីប្រកាសសមាសភាពអនុប្រធានផ្សារទួលទំពូងនោះផងដែរ អភិបាលខណ្ឌ ក៏បានលើកសរសើរក្រុមការងារគណៈកម្មការផ្សារ ដែលបានចូលរួមចំណែកជាមួយនឹងរដ្ឋបាលរាជធានីកន្លងមក ក្នុងពេលរាជធានីបានរៀបចំការទុកដាក់សម្រាមអោយបានត្រឹមត្រូវ និងការជួយប្រមូលសម្រាម។

ក្រោយពីពិធីប្រកាសតែងតាំង អនុប្រធានផ្សាទួលទំពូង លោក ថេង សុថុល បានដឹកនាំចុះសំណេះសំណាល និងចែកម៉ាសជូនដល់អាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារផងដែរ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សូមជម្រាបថា ផ្សារទួលទំពូង ស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្សារមានមន្ត្រីបម្រើការងារ សរុបចំនួន៣២នាក់ (ស្រី២នាក់)។ ផ្សារមានតូបលក់ដូរ សរុបចំនួន ១.៣៧៤តូប ក្នុងនោះ ចែកជា២ផ្នែក គឺតូបខាងក្នុងផ្សារ មានចំនួន ១.៣៤១តូប និងតូបខាងក្រៅជុំវិញផ្សារ មានចំនួន ៣៣តូប។ មុខទំនិញ ដែលអាជីវករកំពុងលក់ដូរសព្វថ្ងៃ មានចំនួន ៣៩មុខរបរ និងមានដេប៉ូសម្រាម ១កន្លែង នៅខាងលិចផ្សារ៕