(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញម្ចាស់អាជីវកម្មចំនួន៨ទីតាំង មកប្រជុំពិភាក្សា ស្តីពីការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម ទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងជាច្រើនលើកច្រើនសារហើយក៏ដោយ។

ក្រោយពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ដែលធ្វើឡើងក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ម្ចាស់អាជីវកម្មទាំង៨ទីតាំង បានឯកភាពទូទាត់បំណុលទាំងអស់ និងយល់ព្រមបង់ថ្លៃសេវាប្រមូលសម្រាប់ខែបន្តបន្ទាប់ទៀត (បញ្ហា គឺការមិនទាន់យល់គ្នាប៉ុណ្ណោះ)។

រដ្ឋបាលរាជធានីភ្នំពេញ សូមរំឮកដល់ម្ចាស់អាជីវកម្មទាំងអស់សូមធ្វើការទូទាត់ថ្លៃប្រមូលសំរាម និងសំណល់រឹងឱ្យបានទៀតទាត់ ដើម្បីជៀសវាងការអនុវត្តវិធានការរដ្ឋបាល គឺការបិទអាជីវកម្ម។

ជាថ្មីម្ដងទៀត សូមប្រជាពលរដ្ឋទាំងអស់អញ្ជើញបង់ថ្លៃសេវាប្រមូលសំរាមប្រចាំខែឱ្យបានទៀងទាត់ និងទាន់ពេលវលា ព្រោះនេះជាកាតាព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានី កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែតុលា ឆ្នាំ២០២០ ចំពោះប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវា សម្រាប់ខែកញ្ញា និងខែមុនៗកន្លងមក រដ្ឋបាលរាជធានី បានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ខ្លួនបន្ដប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឲ្យប្រជាពលរដ្ឋ ជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជនភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណងរឹង ឲ្យបានទាន់ពេលវេលាកំណត់។ ដោយឡែក ថ្លៃសេវាប្រមូលសំរាមខែតុលា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕