(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) មានរៀបចំពិធីប្រគល់សម្ភារប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ ដែលជាអំណោយ របស់សហជីពទូទាំងប្រទេសចិន (AFCTU)។

ពិធីនេះមានការចូលរួមពីសំណាក់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក Zhang Yaowu នាយកការិយាល័យមូនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍប្រចាំប្រទេសកម្ពុជា តំណាងឲ្យសហជីពទូទាំងប្រទេសចិន និងសមាជិកសមាជិការគណកម្មាធិការប្រតិបត្តិរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាជាច្រើនរូបទៀត។

លោក សោម អូន បានថ្លែងថា បន្ទាប់ពីការរីករាលដាលជំងឺកូវីដ១៩ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្កើតក្រុមស្ម័គ្រចិត្តប្រយុទ្ឋប្រឆាំងជម្ងឺដ៏កាចសហាវនេះ ហើយបានធ្វើសកម្មភាពរួម ចំណែកជាមួយរាជរដ្ឋាភិបាល ចុះអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគនៅតាមបណ្តាផ្ទះជួលកម្មករ កន្លែងធ្វើការរវស់កម្មករ និងអគារសាធារណៈរបស់អាជ្ញាធរខេត្តក្រុង។

លោក សោម អូន បានបន្តថា សហជីពប្រទេសទាំង២ បាននិងកំពុងតែងពង្រឹងសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ដោយបានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងដកបទពិសោធន៍ ពីគ្នាទៅវិញមក ជាពិសេសសហជីពទូទាំងប្រទេសចិន តែងតែជួយដល់សហជីពកម្ពុជា នៅពេលជួបការលំបាក។

លោក សោម អូន បានបញ្ជាក់ថា អំណោយសម្ភារប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ របស់មិត្តចិននៅពេលនេះគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ និងសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ន ដែលប្រទេសកម្ពុជា កំពុងតែជួបនូវបញ្ហាប្រឈមជាមួយជម្ងឺដ៏កាចសាហាវនេះ។

លោកសូមថ្លែងអំណយ៉ាងជ្រាលជ្រៅចំពោះសហជីពទូទាំងប្រទេសចិន ដែលបានយកចិត្តទុកដាក់រួមចំណែកជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងការចូលរួមយុទ្ឋនាការការពារ សុខមាលភាពរបស់កម្មករ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅ។

លោក Zhang Yaowu បានលើកឡើងថា នេះជាផ្នែកមួយនៃសកម្មភាពរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ «គំនិតផ្ដួចផ្ដើមការកសាងសហគមន៍ផ្លូវសូត្រ» នៃសមាគមលើកកម្ពស់ការផ្លាស់ប្តូរអន្តរជាតិរបស់អង្គការមិនមែនរដ្ឋាភិបាលចិន។

សហជីពទូទាំងប្រទេសចិន បានប្រមូលថវិកាចំនួន ៤០០.០០០ យន់ (ប្រមាណ ៥៩.០០០ ដុល្លារ) ដោយផ្ដល់ជាសម្ភារជូនសភាសម្ព័ន្ធសហជីពជាតិកម្ពុជាដូចជា៖ ម៉ាស ៣០ម៉ឺនម៉ាស, មាស៊ីនបាញ់ថ្នាំ២០គ្រឿង, ឈុតហាស់ម៉ាត ២០ឈុត, ស្រោមដៃការពារ ២០សម្រាប់, ស្បែកជើងការពារកវែង ២០គូរ និងខែលការពារមុខ ២០ខែល ដែលនេះបង្ហាញពីមិត្ដភាព ដ៏ស្មោះត្រង់របស់យើង បង្ហាញពីបេះដូង និងការជួយគ្នាទៅវិញទៅមក ហើយយើងខ្ញុំសង្ឃឹមថា ការផ្គត់ផ្គង់នេះ នឹងជាប្រយោជន៍ដល់ការងារប្រឆាំងការរីករាលជំងឺកូវីដ របស់ក្រុមការងារសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា។

លោក Zhang Yaowu បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោមការប្រោសប្រទានពរពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី និងក្រោមការដឹកនាំ ដ៏រឹងមាំរបស់រដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បងប្អូនកម្មករកម្ពុជា និងសមាជិកសមាជិការបស់សភាសម័្ពន្ធសហជីពជាតិកម្ពុជា នឹងមានជីវភាពល្អកាន់តែប្រសើរ៕