(សៀមរាប)៖ មន្ត្រីសាខា ក.ប.ប ខេត្តសៀមរាប ដឹកនាំដោយលោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា ក.ប.ប. សហការជាមួយមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ ដែលជាម្ហូបអាហារមិនវេចខ្ចប់ និងវេចខ្ចប់ស្រាប់ ក្នុងផ្សារស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប រួមទាំងនៅតាមផ្ទះ ស្តង់ និងដេប៉ូចែកចាយទំនិញវេចខ្ចប់ធំៗចំនួន ៣ទៀត ដែលមានទីតាំងនៅស្រុកខាងលើ។

លោក ខៀវ បញ្ញាវឌ្ឈន៍ បានឱ្យដឹងថា គោលដៅក្នុងការត្រួតពិនិត្យ សកម្មភាពម្ហូបអាហារនេះ មន្ត្រីជំនាញផ្តោតទៅលើការស្វែង រកសារធាតុគីមីហាមឃាត់ ដែលអាចមានវត្តមាន នៅក្នុងគ្រឿងឧបភោគ បរិភោគ ដោយប្រការណាមួយ ដោយប្រើឧបករណ៍តេស្តឃីត នៅនឹងកន្លែងតែម្តង ក៏ដូចជាភាពមិនអនុលោមច្រើនទៀត ដែលមិនឆ្លើយតបទៅនឹង សុវត្ថិភាពម្ហូបអាហារ។

ជាក់ស្តែងមន្ត្រីជំនាញបានធ្វើពិសោធន៍ លើសំណាកគំរូចំនួន ១៣ខុសៗគ្នា ហើយជាលទ្ធផលក្នុងចំណោមសំណាកគំរូទាំង១៣ មានសំណាកគំរូ១ ត្រូវបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ និងភេសជ្ជៈ ចំនួន១៥២ដបទៀត ពុំមានភាពអនុលោមទៅនឹងសុវត្ថិភាពម្ហូបអាហារ។ ទំនិញដែលបានរកឃើញត្រូវបានធ្វើកំណត់ហេតុដកហូតរួមទាំងការធ្វើលិខិតព្រមានដល់អ្នកចែកចាយ និងបញ្ជូនមករក្សាទុកនៅសាខា រង់ចាំការដុតកម្ទេចចោល។

លោក ខៀវ បញ្ញាវឌ្ឈន៍ បានបន្ថែមថា ស្រុកស្វាយលើ ជាស្រុកដែលមានករណីពុលចំណីអាហារច្រើនជាងគេ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ប្រធានសាខារូបនេះ បានបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារ ត្រូវចាប់ផ្តើមពីយើងម្នាក់ៗ។ យើងត្រូវការចូលទាំងអ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ។ អ្នកផលិត និងអ្នកចែកចាយត្រូវមានគុណធម៌ សម្បជញ្ញៈ គិតដល់សុខមាលភាពជាធំ ហើយអ្នកប្រើប្រាស់ គួរតែមានចំណេះដឹងគ្រប់គ្រាន់ក្នុងការជ្រើសរើស របៀបនៃការចំអិន និងការថែរក្សាម្ហូបអាហារឱ្យមានសុវត្ថិភាពផងដែរ៕