(កំពង់ឆ្នាំង)៖ ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម ក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នសមត្ថកិច្ចមិនទាន់វែកមុខឃើញនៅឡើយនោះទេ ដោយពួកគេនៅតែដើរធ្វើសកម្មភាពជាច្រើនកន្លែង និងមានសុវត្ថិភាពដដែល។

ជាក់ស្តែងនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមចោរនេះ ដែលមានគ្នា៤នាក់ប្រដាប់ដោយអាវុធខ្លី ជិះរថយន្តពណ៌ក្រហមមិនស្គាល់ម៉ាក បានមកលួចម៉ូតូរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អស់១គ្រឿងផងដែរ។

បើតាមស្ត្រីដែលជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឲ្យដឹងថា នៅវេលាម៉ោង១ ៖២០នាទី ថ្ងៃខែនិងឆ្នាំខាងលើ មានក្រុមចោរមួយក្រុមមានគ្នា៤នាក់ ជិះរថយន្តពណ៌ក្រហមមិនស្គាល់ម៉ាកមួយគ្រឿង មកឈប់នៅពីមុខផ្ទះរបស់នាង បន្ទាប់មកចោរ៣នាក់ បានចុះពីលើរថយន្តដែលសំដៅមកផ្ទះរបស់នាង និងផ្ទះឪពុករបស់នាងដែលនៅជាប់គ្នា។

ជនរងគ្រោះបន្តថា ក្នុងចំណោមចោរ៣នាក់ ដែលចុះពីរថយន្ត មានម្នាក់បានដើរចូលសំដៅមកក្នុងផ្ទះឪពុករបស់នាង និងបានដើរទៅកន្លែងរថយន្តរបស់ឪពុកនាង ដែលចតនៅខាងក្រៅ ផ្ទះចំនួន២គ្រឿង មួយគ្រឿងម៉ាក ហាយឡែនឌ័រ និងមួយគ្រឿងទៀតម៉ាក LEXUS-៣៣០។ ខណៈនោះដែរ ចោរម្នាក់ដែលដៃម្ខាងមានកាន់កាំភ្លើងខ្លីផងនោះ ក៏បានទៅកាច់កសោចង្កូត រថយន្តហាយឡែនឌ័រ ដែលចតពីក្រោយរថយន្ត និងបានផ្ដាច់ខ្សែរថយន្តជាច្រើនកំណាត់នៅក្នុងរថយន្ត ក៏ប៉ុន្តែមិនអាចបើកចេញបាន។

ខណៈនោះជនសង្ស័យម្នាក់ ក៏ដើរសំដៅទៅផ្ទះរបស់នាងដែលនៅជាប់នឹងការាសរថយន្តរបស់ឪពុកនាង តែចៃដន្យអាក្រក់ដោយយប់នោះផ្ទះរបស់នាងមិនបានខ្ទាស់គន្លឹះទ្វារនោះទេ នឹងមានបើកភ្លើងភ្លឺនៅក្នុងផ្ទះទៀតផង ពេលចោរឃើញម៉ូតូក៏បានចូលទៅក្នុងផ្ទះនាងហើយអូសម៉ូតូចេញយក ទៅផ្តាច់សោនៅកន្លែងរថយន្តដែលគេចតចាំគ្នាគេនៅពីមុខផ្ទះ រយៈពេលប្រហែលជាកន្លះម៉ោង ទើបក្រុមចោរទាំងនោះបានជិះម៉ូតូនិងរថយន្តបើកចេញកាត់មុខផ្ទះរបស់នាងដោយសុវត្ថិភាព។

នាងបានបន្តទៀតថា ម៉ូតូដែលត្រូវបានចោរ លួចយកទៅនោះគឺម៉ាកសេ១២៥ ផលិតនៅ ឆ្នាំ២០២០ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1J-1783 ពណ៌ខ្មៅ ម៉ូតូនេះផងដែរ ត្រូវបានប្អូនស្រីទិញ បង់រំលស់ទើបតែបងផ្ដាច់កាលពីខែមុននេះទេ។ ប្អូនស្រីថា នៅក្នុងភូមិនេះគឺបាត់ម៉ូតូអស់ជាច្រើនគ្រឿងហើយ រីឯក្រុមចោរនោះ គឺជាមុខសញ្ញាដដែល គឺពួកគេជិះរថយន្តពណ៌ក្រហមនេះ ដដែលផងដែរ។

ប្អូនស្រីក៏សុំសំណូមពរដល់សមត្ថកិច្ចមេត្តាជួយស្វែងរកក្រុមចោលទាំងនោះ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់បើមិនដូច្នោះ ទេប្រជាពលរដ្ឋនៅក្នុងភូមិនេះ ពួកគាត់នឹងមិនមានភាពកក់ក្តៅនោះឡើយ។

ជុំវិញករណីខាងលើនេះផងដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះដែរថា ករណីដែលក្រុមចោរប្រដាប់អាវុធ កំពុងធ្វើសកម្មភាពលួចឆក់ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខាងលើនេះ លោកបានបាននឹងកំពុងតែបញ្ជាសមត្ថកិច្ចជំនាញ ដើម្បីឲ្យប្រញាប់បើកការស៊ើបអង្កេត ជាបន្ទាន់ ដើម្បីវែកមុខជនសង្ស័យទាំងអស់ខាងលើនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់ក្នុងពេលឆាប់ៗខាងមុខនេះ៕