(កំពង់ចាម)៖ លោក ថៃ ពិសិដ្ឋ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ជំនួសលោកម៉ម ភឿក ដែលទទួលភារកិច្ចថ្មី ។

ពិធីប្រកាសចូលកាន់តំណែងនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ព្រមទាំងមន្ត្រីរាជការ ប្រតិភូអមដំណើរជាច្រើនរូបទៀត។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា ប្រធានមន្ទីរមុខងារសាធារណៈ ដែលទើបនឹងឡើងកាន់តំណែង ត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ ខិតខំឲ្យអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវ ចំពោះថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត លើវិស័យរបស់ខ្លួន។

ម្យ៉ាងទៀតលោកប្រធានមន្ទីរ ត្រូវខិតខំយកចិត្តទុកដាក់លើមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលជាកត្តាសំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ច ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការបែងចែកភារកិច្ច ដល់មន្ត្រីរបស់ខ្លួន និងត្រូវមានផែនការច្បាស់លាស់ មានរបបប្រជុំ មានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំ នៅពេលមានបញ្ហាដែលត្រូវនាំគ្នាដោះស្រាយ។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រធានមន្ទីរថ្មីថា៖

*បន្តនិរន្តរភាពការងារ នឹងត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវមានរបៀបរបបបំពេញការងារឲ្យបានត្រឹមត្រូវ តាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ
*ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុទ្ធជាធរមាន
*ត្រូវមានការសហការល្អជាមួយអង្គភាពមន្ទីរជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់
*ត្រូវមានគំនិតផ្ដួចផ្ដើមសិក្សាស្រាវជ្រាវ ស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានផ្សេងៗបន្ថែមទៀត ហើយត្រូវយកចិត្តទុកដាក់កែលម្អសោភ័ណភាព អានាម័យបរិស្ថានក្នុងនិងខាងក្រៅបរិវេណអង្គភាព ។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងណែនាំដល់លោកប្រធានមន្ទីរថ្មី ឲ្យខិតខំរៀនសូត្រស្គាល់អំពីបុគ្គលិកក្នុងអង្គភាពរបស់ខ្លួន ដើម្បីមានយុទ្ធសាស្ត្រក្នុងការ ដឹកនាំអង្គភាពឲ្យបានល្អ ពោលគឺអនុវត្តតាមពាក្យចាស់បុរាណដែលថា (វាចយកធ្វើកង់ ត្រង់ធ្វើកាំ)។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឲ្យលោកប្រធានមន្ទីរ ដែលទើបនឹងឡើងកាន់តំណែង សូមធ្វើការសហការអោយបានល្អ ជាមួយនឹងថ្នាក់ដឹកនាំខេត្តក៏ដូចជាបណ្ដាលអង្គភាព មន្ទីរជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចលទ្ធផលល្អ ក្នុងភារកិច្ចរបស់ខ្លួន៕