(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ​ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងបំភ្លឺជុំវិញការប្រឌិតរឿងមិនពិត លាបពណ៌រូបលោក ម៉ាកងាយប្រមាថដល់ប្រជាពលរដ្ឋ អ្នកស្វាយរៀង និងតាកែវ ជាអ្នកសុំទាន។

ការលាបពណ៌ និងប្រឌិតរឿងមិនពិតពាក់ព័ន្ធលោក ផៃ ស៊ីផានធ្វើឡើងក្រោយមានកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក ឆ្លើយតប នឹងការលើកឡើងរបស់លោក សួន សេរី​រដ្ឋា ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ​រិះគន់ថាកណ្តាល​​ទី​ក្រុង​​ភ្នំពេញមានពលរដ្ឋ​​ខ្មែរ រាប់​​ម៉ឺន​​នាក់ ​​កំពុង​​សុំ​ទាន បង្អួត​​ទេស​ចរណ៍​​នៅ​តាម​​ដង​ផ្លូវ​​សាធារណៈ និង​​តាម​​ទី​កន្លែង​​ទេស​ចរណ៍​​នានា​​ដែរ​។

មន្រ្តីជាន់ខ្ពស់លោក ផៃ ស៊ីផាន បានបំភ្លឺជុំវិញការប្រឌិតរឿងមិនពិត ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «អាស្រ័យដោយក្នុងរយៈពេល ពីរបីថ្ងៃនេះ មានអ្នកសារព័ត៌មានប្រឌិតរឿងមិនពិត លាបពណ៌រូបខ្ញុំបាទជាម៉ាកងាយប្រមាថដល់ប្រជាពលរដ្ឋ អ្នកស្វាយរៀង និងតាកែវ ជាអ្នកសុំទាន។ ព័ត៌មានញុះញ៉ង់នេះ គឺធ្វើឲ្យខ្ញុំសោកស្តាយណាស់ ដែលពុំគួរបន្តមាននៅក្នុងសង្គមជាតិយើងតទៅទៀតទេ ហើយក៏ពុំគួរអនុញ្ញាតឲ្យមានតួនាទីជាអ្នកសារព័ត៌មានឡើយ ត្បិតគេដើរតួនាទីជាអ្នកញុះញង់ អុចអាលតែប៉ុណ្ណោះ។

រឿងពិតដែលខ្ញុំបាទបាននិយាយប្រាប់អ្នកសម្ភាសន៍នោះគឺ «កាលពីអតីតកាល នៃសម័យសង្គមរាស្ត្រនិយម អ្នកទីក្រុងភ្នំពេញ តែងតែចោទប្រកាន់ថា អ្នកស្វាយរៀង និងអ្នកតាកែវ ជាអ្នកសុំទានបន្ទាប់ពីរដូវច្រូតកាត់ចប់» នេះគឺជាវប្បធម៌មួយនៃកិច្ចត្រាច់ចរ របស់សង្គមមួយ ដែលគេធ្វើដើម្បីស្វែងយល់អំពីភូមិសាស្ត្រដទៃ ដែលឆ្ងាយពីកន្លែងរស់នៅរបស់គេ ហើយវប្បធម៌នេះយើងអាច ស្វែងយល់បានពី សង្គមអតីតកាលមួយរបស់ឥណ្ឌា ដែលខ្មែរចម្លងមក “No Made” ក៏ប៉ុន្តែបច្ចុប្បន្ននេះ បន្ទាប់ពីរំដោយឆ្នាំ១៩៧៩ មកយើងពុំមានរឿងអាស្រូវ នៃការវាយតម្លៃនេះចំពោះអ្នកស្វាយរៀង ឬអ្នកតាកែវនោះឡើយ។ ក្រៅពីប្រទេសកុម្មុនិសយ៍ចេញ គ្រប់ប្រទេសសេរី គឺមានអ្នកសុំទានជានិច្ច។

ខ្ញុំចាំបានថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី (គួចបាឆ៉ូវ) បានសួរលោកប្រធានាធិបតីស.រ.អា (រូណល់ រីហ្គែន) ថាហេតុដូចម្តេចនៅតំបន់ សេតវិមាន មានអ្នកសុំទាន? ចម្លើយ “វាជាជម្រើសរបស់គេ”។ សូមអរគុណ និងអធ្យាស្រ័យចំពោះរាល់ការភ័ន្តច្រឡំ ពីកិច្ចប្រឌិតដ៏កំសាកនេះ»៕