(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការបើកដំណើរការ បណ្តុះបណ្តាលឡើងវិញ នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល។

តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការបើកដំណើរការ បណ្តុះបណ្តាលឡើងវិញ ខាងលើនេះ ដោយយោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងការងារ បានឲ្យដឹងថា គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ត្រូវបានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។

ក្រសួងបានបន្ថែមទៀតថា គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ត្រូវគោរពតាមគោលការណ៍ស្តង់ដារ ការការពារចម្លងមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាល បានណែនាំឲ្យអនុវត្តកន្លងមក មុនព្រឹត្តិការណ៍ ០៣ វិច្ឆិកា៕