(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលជាថ្ងៃបញ្ចប់នៃការចត្តាឡីស័ក បានបង្ហោះរូបភាពសកម្មភាពចេញលេងកីឡាវាយកូនគោល និងរំលេចនូវពាក្យមួយយ៉ាងមានន័យថា «លាហើយ ព្រឹត្តិការណ៍ ៣វិច្ឆិកា»។

ពាក្យមួយឃ្លា «លាហើយ ព្រឹត្តិការណ៍ ៣វិច្ឆិកា» នេះ សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ បានរំលត់ដោយជោគជ័យ នូវវិញ្ញាសាដ៏ស្មុគស្មាញមួយថ្មី ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ អ្វីៗបានត្រឡប់ទៅរកភាពធម្មតា មុនព្រឹត្តឹការណ៍ថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុង Facebook សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែល
រងគ្រោះដោយទឹកជំនន់ បូកបន្ថែមដោយការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។

ថ្ងៃនេះចេញវាយកូនគោលលើកដំបូង ជាមួយសម្ភារៈថ្មីពិនិត្យឃើញថា កម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះ ដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី៨ ទៅ១០គីឡូម៉ែត្រ នាថ្ងៃនេះ។ សូមអភ័យទោស ដែលខ្ញុំយកថ្ងៃធ្វើការ មកវាយកូនគោល តែខ្ញុំបានពិនិត្យសម្រេច និងចុះហត្ថលេខា លើឯកសារនានារួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែ ចង់ដឹងអំពីសុខភាព ក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា?។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់ និងរបងផ្ទះមិនបានចេញទៅវាយ នៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា»

សូមជម្រាបថា នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានចេញសារណែនាំពិសេសពាក់ព័ន្ធការងារមួយចំនួន នៅក្នុងសង្គម បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។

ក្នុងសារណែនាំនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការបើកសាលារៀនឡើងវិញ នៅសប្តាហ៍ក្រោយ, បើកពហុកីឡដ្ឋានជាតិឡើងវិញ, អនុញ្ញាតឱ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ ក៏ដូចជាការបើកសារមន្ទីរ និងរោងភាពយន្តផងដែរ។

បើទោះបីអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញ នូវសកម្មភាពក្នុងសង្គមទាំងនេះឡើងវិញយ៉ាងណាក្តី តែសម្តេចតេជោ បានណែនាំឱ្យបន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍នូវវិធានការទាំងឡាយ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕