(កណ្ដាល)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀនមួយ រហូតឈានដល់ការបង្ក្រាបនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយដកហូតបានគ្រឿងញៀនជាង ១ គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់។

ការបង្ក្រាបបទល្មើសគ្រឿងញៀននេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនរោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញដឹកនាំដោយនាយករង ឃឹង សារ៉ាត់ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោក លា ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ម៉ៅ ធីម អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យកបាន មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១ ១៦២.០២ ក្រាម។

ក្រោយការបង្ក្រាបនេះហើយ មន្ត្រីជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕