(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរាត្រីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសារណែនាំពិសេសពាក់ព័ន្ធការងារមួយចំនួននៅក្នុងសង្គម បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។

ក្នុងសារណែនាំនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការបើកសាលារៀនឡើងវិញនៅសប្តាហ៍ក្រោយ, បើកពហុកីឡដ្ឋានជាតិឡើងវិញ, អនុញ្ញាតឱ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ ក៏ដូចជាការបើកសារមន្ទីរ និងរោងភាពយន្តផងដែរ។

បើទោះបីអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញនូវសកម្មភាពក្នុងសង្គមទាំងនេះឡើងវិញយ៉ាងណាក្តី តែសម្តេចតេជោ បានណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តន៍នូវវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការរឹតត្បិតសកម្មភាពក្នុងសង្គមមួយចំនួន បន្ទាប់ពីកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា» ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។

តែមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានចាត់ទុកថាបិទបញ្ចប់ហើយ ក្រោយពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការនេះ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ៕