Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋជិត១០០គ្រួសារ រងគ្រោះដោយសារអគ្គិភ័យ ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

10-02-2016 21:51

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៩៧គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យ ស្ថិតនៅខាងក្រោយវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានទទួលអំណោយពីប្រតិភូសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញដឹកនាំដោយលោកស្រី អ៊ួន សុវណ្ណារិន ប៉ា សុជាតិវង្ស ប្រធានក្រុម ការងារកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

នៅក្នុងពិធីនេះ ក៏មាន ការអញ្ជើញ ចូលរួមពីលោក ពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យ និង ជាប្រធាន កិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ លោក ឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ព្រមទាំងមន្រ្តី ពាក់ព័ន្ធជាច្រើនផ្សេងទៀតផងដែរ។

អំណោយដែលទទួលក្នុង១គ្រួសារ រួមមាន អង្ករ២៥គ.ក មី១កេះ ទឹកសុទ្ធ១កេះ ទឹកដោះគោ១យួរ ទឹកក្រូច១កំប៉ុង តែ២កញ្ចប់ ម៉្សៅសាប៊ូ ២កញ្ចប់ កន្ទេល១ តង់១ មុង១ ភួយ១ កន្ថោ១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរអំបិល១គីឡូក្រាម ឆ្នាំងដាំបាយ១, វែកបាយ១, វែកឆា១ និង សម្ភារប្រើប្រាស់ មួយចំនួនទៀតព្រមទាំងថវិកាក្នុងមួយគ្រួសារ៩០០០០រៀល។ នៅព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋទាំងនេះ ក៏បានទទួលអំណោយពីថ្នាក់ដឹកនាំ និងអាជ្ញាធរ ខណ្ឌមានជ័យផងដែរ។

សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន៩៧ខ្នង ត្រូវបាន អគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅវេលា ម៉ោងជាង១២រំលងអាធ្រាត្រ ចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅខាងក្រោយ វត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ មូលហេតុនោះ បណ្តាលមកពីប្រជាពលរដ្ឋដុតផាវ និងកាំជ្រួចដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន វៀតណាម ហើយកំទេចភ្លើងកាំជ្រួចបានធ្លាក់មកក្រោមវិញ ក៏ត្រូវចំផ្ទះរបស់ពួកគាត់ នាំឲ្យគ្រោះអគ្គិភ័យតែម្តង។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានប្រាប់ Fresh News ថា អគ្គិភ័យនេះបានរលត់ទៅវិញ វេលាម៉ោងជិត៤ទៀបភ្លឺ ក្រោយកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ ជួយអន្តរាគមន៍ ព្រមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់២៥គ្រឿង និងអស់ទឹក៦៦ជើង។

យ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់សង្គម មួយនេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬស្លាប់ផងដែរ៕