(ភ្នំពេញ)៖​​ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមអ្នកកែច្នៃនិងផលិតរម៉កម៉ូតូកង់បី ដែលមានជម្រាលត្រូវបានលើកទឹកចិត្ត និងទទួលប័ណ្ណសរសើរ ជាការអបអរសាទរ និងទទួលស្គាល់គំនិតច្នៃប្រឌិត ដែលជាការបង្កលក្ខណៈងាយស្រួលដល់​ ជនពិការប្រើរទេះយ៉ាងងាយស្រួល។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បាននាំនូវការកោតសសើរពីសំណាក់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដល់ក្រុមវិស្វករអូស្រ្តាលីឥតព្រំដែន និងម្ចាស់សណ្ឋាគារ House Boutique, ជាងផលិត និងម្ចាស់រម៉ក់ម៉ូតូកង់បីដែលបានសហការផ្តួតផ្តើមគំនិត​កែច្នៃ​​ នូវរម៉កម៉ូតូកង់បី​ ដែលមានជម្រាលនេះជាលើកដំបូងនៅកម្ពុជា ដែលរម៉កម៉ូតូកង់បីនេះ អាចប្រើប្រាស់បានសម្រាប់មនុស្សទូទៅបានជាធម្មតា។

លោកអគ្គលេខាធិការ ឯម ច័ន្ទមករា បានបន្ថែមទៀតថា រម៉កម៉ូតូកង់បី​ ដែលមានជម្រាលជាលើកដំបូងនេះ គឺជាគំរូដ៏ល្អសម្រាប់ម្ចាស់រម៉កម៉ូតូកង់បី ដទៃទៀត ដែលគួរគិតគូរពិចារណាកែច្នៃរម៉កម៉ូតូកង់បី ឲ្យមានជម្រាលដូចរម៉កម៉ូតូកង់បីនេះ ព្រោះថាម្ចាស់រម៉កម៉ូតូ​​ អាចរប្រាក់ចំណូលបានបន្ថែមទៀត ពីសំណាក់ជនពិការ ដែលប្រើរទេះ ចាស់ជរា និងភ្ញៀវបរទេសដែលជាជនពិការ។

ស្នាដៃនៃការកែច្នៃរម៉កម៉ូតូកង់បីដែលមានជម្រាលនេះគឺជាការបង្ហាញថា កម្ពុជាបានយកចិត្តទុកដាក់ លើការបង្កលក្ខណៈងាយស្រួល ដល់ជនពិការ ក្នុងការចល័តទី ធ្វើដំណើរទៅកន្លែងផ្សេងៗ ដូចជាទៅកន្លែងធ្វើការ ទៅផ្សា រមណីយដ្ឋាននានា។ល។ បានដោយងាយស្រួល។

លោកអគ្គលេខាធិការ ឯម ច័ន្ទមករា បានលើកទឹកចិត្តដល់ជាងដែលកែច្នៃរម៉កម៉ូតូកង់បី ដែលមានជម្រាលឲ្យពិចារណា ទៅលើតំលៃនៃការកែច្នៃ ឲ្យមានតំលៃសមរម្យ ទើបម្ចាស់រម៉កម៉ូតូកង់បីដទៃទៀត មានការចាប់អារម្មណ៍កែច្នៃ បានដូចរម៉កម៉ូតូកង់បីមួយនេះ ហើយធ្វើយ៉ាងណាឲ្យមានលក្ខណៈងាយស្រួល និងមានសុវត្ថិភាពនៅពេលជនពិការបរទេះឡើង និងក្នុងពេលធ្វើដំណើរ។

គួរបញ្ចាក់ផងដែរថារម៉កម៉ូតូកង់បីនេះ ត្រូវបានផ្តួតផ្តើមផលិត និងកែច្នៃដោយក្រុមវិស្វករ អូស្រ្តាលីគ្មានព្រំដែន នៅដើមឆ្នាំ២០១៦នេះ ដើម្បីសម្រួលដល់ការលំបាក់របស់ជនពិការប្រើរទេះ។

គួរបញ្ជាក់ផងដែរថាកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួល ចេញចូលនៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំ ចំណតយានយន្តពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរ អំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅរបស់ជនពិការឲ្យបានសមរម្យ ស្របតាម សេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការណ៍ចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្ត ពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និង អង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមឧបត្ថម្ភជនពិការ៕