(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ Leo នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើសន្និសីទសារព័ត៌មានស្ដីពី ការប្រកួតបាល់ទះ ពានរង្វាន់ Leo Cup National Volleyball ឆ្នាំ២០១៦ នៅ Naga World ដែលជាព្រឹត្ដិការប្រកួតបាល់ទះលំដាប់ថ្នាក់ជាតិ ដ៏អស្ចារ្យបំផុតនៅកម្ពុជា បានត្រលប់មកដល់ទៀតហើយ ដោយនេះជាលើកទី៥ ដែលមានរង្វាន់សរុបរហូតដល់ទៅ ៨៨លានរៀល ដែលធ្វើការបែងចែកជាពីរប្រកួតធំៗគឺ DIVISION A និងB។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ការប្រកួតវគ្គជម្រុះតាមមណ្ឌលនីមួយៗ ចាប់ពីខែកុម្ភៈតទៅ រហូតដល់វគ្គបញ្ចប់ទាំងពីរ DIVISION នាខែមិថុនា ខាងមុខ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

លោកអគ្គលេខាធិការបន្ដថា «ការប្រកួតកីឡារបស់យើង ទី១-ដើម្បីជួយជំរុញឲ្យយុវជន ចូលរួមយ៉ាង សកម្មភាពក្នុងវិស័យកីឡា ដើម្បីជៀសវាងការ សេពគ្រឿងញៀន ឬអំពើដែលសង្គមស្អប់ខ្ពើម ,ទី២-ជ្រើសរើសកីឡាករឆ្នើមថ្នាក់ជាតិប្រចាំកម្ពុជា ស្របពេលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣ ,ទី៣- កីឡា នាំមកនូវសុខភាពល្អ និងទី៤- ជាគំរូល្អដល់យុវជនដទៃផ្សេងទៀត»។

ទន្ទឹមនឹងនោះ កញ្ញា កានជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្ដ្រទីផ្សារ ក្រុមហ៊ុន BOON RAWD TRANDING INTERNATIONAL បានលើកឡើងថា «ក្រុមហ៊ុន ស្រាបៀ Leo យើងខ្ញុំ បានបង្កើតកម្មវិធី Leo Cup National Volleyball តាំងពីឆ្នាំ២០១២មកម្ល៉េះ ដូច្នេះ ក្រុមហ៊ុន បានចូលរួមចំណែកជាច្រើន ក្នុងការលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា ឲ្យឈានដល់ កំរិតស្ដង់ដាជាតិ ដោយផ្នែកលើបទពិសោធន៍ជាច្រើនឆ្នាំកន្លងមក យើងទទួលបាននូវការ ចូលរួមគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនខ្មែរគ្រប់មជ្ឈដ្ឋានទៀតផង»។

ព្រមជាមួយគ្នានោះ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិក បានថ្លែងផងដែរថា «បច្ចុប្បន្ននេះ វិស័យកីឡាគ្រប់ប្រភេទ នៅកម្ពុជាយើង ទទួលបានលទ្ធផលល្អជាងកាលពីមុនច្រើន តែនៅមានកម្រិត ដូច្នេះ ត្រូវធ្វើយ៉ាងឲ្យវិស័យកីឡានេះ មានការប្រកួតឲ្យបានញឹកញាប់ឬមានកម្មវិធីពិសេ សៗជាច្រើន បើមិនដូច្នោះទេ កីឡាទាំងនេះដូចងាប់ទាំងរស់ចឹង ព្រោះការប្រកួតនេះហើយ ជាការវាស់ស្ទង់ការដឹកនាំ រៀបចំគ្រប់គ្រង និង សមត្ថភាពរបស់កីឡាករ ទាំង អស់ថែមទៀត»

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Leo Cup National Volleyball ឆ្នាំ២០១៦ DIVISION A នឹងចាប់ផ្ដើមប្រារព្ធធ្វើឡើងដូចជា៖
-ថ្ងៃទី២៣ ខែកុម្ភៈ នៅពហុកីឡាដ្ឋាន ជាតិអូឡាំពិក ប្រកួតមិត្ដភាពរវាង ក្រុមវិសាខា ជាមួយ ក្រុមកងពលធំលេខ៣ ខេត្ដព្រះវិហារ និងថ្ងៃទី២៨ នៅពហុកីឡាដ្ឋានជាតិអូឡំាពិក ប្រកួតមិត្ដភាព រវាងក្រុម ក្រសួង មហាផ្ទៃ ជាមួយ ក្រុមបញ្ជាការដ្ឋានអង្គរក្ស។
-ថ្ងៃទី១៣ ខែមិនា នៅខេត្ដព្រះសីហនុ ប្រកួតមិត្ដភាពរវាងក្រុមចំណាត់ថ្នាក់លេខ១ មណ្ឌលរាជធានីភ្នំពេញ ជាមួយក្រុមវិសាខា។
-ថ្ងៃទី២៧ ខែមីនា នៅខេត្ដកំពង់ចាម ប្រកួតមិត្ដភាពរវាងក្រុមសាលាខេត្ដកំពង់ចាម ជាមួយក្រុមក្រសួងមហាផ្ទៃ។
-ថ្ងៃទី២៤ ខែមេសា នៅខេត្ដបាត់ដំបង ប្រកួតមិត្ដភាពរវាង ក្រុមលេខ ១នៃមណ្ឌលកំពង់ចាម ជាមួយស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង។
-ថ្ងៃទី២២ ខែឧសភា នៅខេត្ដសៀមរាប មានការប្រកួតមិត្ដភាពរវាងក្រុមលេខ១ នៃមណ្ឌលខេត្ដបាត់ដំបង ជាមួយក្រុម កងពលធំលេខ៣ ខេត្ដព្រះវិហារ។

រីឯវគ្គផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្ដទៅ ក្នុងខែឧសភា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ពិសេសកុំភ្លេចទស្សនាទាំងអស់គ្នា នៅថ្ងៃទី២៣-២៨ ចាប់ពីម៉ោង ២រសៀលតទៅ នៅពហុកីឡាដ្ឋានអូឡាំពិក នឹងមានការប្រកួតរវាង DIVISION B និង DIVISION A យ៉ាងអស្ចារ្យ៕