(ភ្នំពេញ)៖ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមដោះស្រាយនូវការលំបាករបស់កម្ពុជាក្នុងហេតុគ្រោះទឹកជំនន់នាពេលកន្លងទៅនេះ។

ថវិកាជាជំនួយសប្បុរសធម៌នេះ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា យកប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ក្រៅពីផ្តល់ថវិកាជាជំនួយសប្បុរសធម៌នេះលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោកឯកអគ្គរាជទូតថៃ បានជួបពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើការងារគ្រោះមហន្តរាយជាដើមរវាងកម្ពុជា និងថៃ។

ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា, លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋថៃ ដែលបានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដើម្បីដោះស្រាយការលំបាករបស់កម្ពុជាបណ្តាលមកពីគ្រោះជំនន់ទឹកភ្លៀងនាពេលកន្លងទៅនេះ។

លោកទេសរដ្ឋមន្ត្រី បានហៅជំនួយសម្បុរសធម៌បង្ហាញឱ្យឃើញពីស្មារតីនៃការជួយយកអាសារគ្នារបស់រាជរដ្ឋាភិបាលថៃ ក្នុងនាមជាប្រទេសភូមិផង និងជាប្រទេសមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកម្ពុជា។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបឯកអគ្គរាជទូតថៃ ពីផលប៉ះពាល់របស់កម្ពុជាបណ្តាលពីជំនន់ទឹកភ្លៀង និងចំណាត់ការបន្ទាន់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះពីទឹកជំនន់ និងការផ្តល់ស្បៀងអាហារជាដើម។ ជាពិសេស គឺការឆ្លើយបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអរគុណភាគីថៃ ដែលបានចូលរួមសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់នៅតាមព្រំដែន តាមរយៈកិច្ចសហការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធទឹកធ្លាក់ពីខាងប្រទេសថៃ។ លោកទេសរដ្ឋមន្ត្រីស្នើភាគីថៃ បន្តផ្តល់កិច្ចសហប្រតិបត្តិការបែបនេះបន្តទៀតសម្រាប់ឆ្នាំខាងមុខៗ ដើម្បីធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយនេះ។

ក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអរគុណរាជរដ្ឋាភិបាល ដែលបានចូលរួមសហការក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩។ ជាពិសេសបានជួយយកចិត្តទុកដាក់ដល់ការរស់នៅ និងធ្វើការរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃក្នុងកំលុងពេលមានវិបត្តិកូវីដ១៩នេះ។

ក្នុងឱកាសនោះលោកឯកអគ្គរាជទូតថៃ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញវិធានបន្ទាន់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាបង្កឡើងដោយគ្រោះទឹកជំនន់។ ជាពិសេសការដោះស្រាយបានយ៉ាងល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងរក្សាបាននូវស្ថេរភាពសេដ្ឋកិច្ចក្នុងកំលុងពេលនេះ។

លោកឯកអគ្គរាជទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាពិសេសលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានចុះធ្វើសកម្មភាពដោយផ្ទាល់នៅតំបន់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ ហើយជួយដោះស្រាយបានល្អប្រសើរ និងទាន់ពេលវេលា។

លោកឯកអគ្គរាជទូតថៃ ក៏បានបង្ហាញពីជំហរ និងស្មារតីរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចូលរួមសហការជានិច្ចជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងឡាយនៅតាមព្រំដែនមិនថាគ្រោះទឹកជំនន់ គ្រោះមហន្តរាយផ្សេង ឬបញ្ហាជំងឺកូវីដ១៩នោះទេ៕