(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយលោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនោះលោក William A.Heidt ជំនួសមុខឲ្យរដ្ឋាភិបាល និងកងទ័ពសហរដ្ឋអាមេរិកបានថ្លែងនូវអំណរគុណ ដែលបានអនុញ្ញាត ចូលជួបសំដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោក William អញ្ជើញមកបំពេញបេសកម្មការងារទូតនៅកម្ពុជានាអាណត្តិនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាពជាមួយរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ពកម្ពុជា និងអាមេរិកឲ្យកាន់តែល្អប្រសើរ រីកចំរើននិងរឹងមាំ ។

នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ពិសេសកងទ័ពជើងគោគ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក William A.Heidt និងសហការីក្នុងបេសកម្មការទូតប្រចាំនៅកម្ពុជានាពេលនេះ ដោយមេបញ្ជាការ កងទ័ពជើងគោគ បានចាត់ទុកថា តាមរយៈនៃបេសកម្មកាទូតរបស់លោក វីលៀម ប្រចាំនៅកម្ពុជា នាអាណត្តិនេះ នឹងនាំមកនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិបាលកងទ័ពនឹងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ក្នុងការពង្រឹងពង្រីកចំណងទាក់ទង ការរឹតចំណងសាមគ្គីភាព មិត្តភាពកាន់តែជិតស្និទ្ធ រឹងមាំ និងរីកចំរើន។

នាយឧត្តមសេនីយ៍ មាស សុភា ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះរដ្ឋាភិបាលកងទ័ព និងប្រជាជនអាមេរិក ដែលក្នុងរយៈកាលកន្លងមកនេះ តែងតែបានផ្តល់នូវជំនួយឧបត្ថម្ភជាសម្ភារជារថយន្តដឹកជញ្ជូន ថវិកា និងការទទួលយកនូវនាយទាហានរបស់កម្ពុជា បានទៅហ្វឹកហ្វឺនជំនាញនៅសហរដ្ឋអាមេរិក រួមទាំងការជួយរៀបចំនូវលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរ ជាច្រើនលើកឲ្យកងទ័ពកម្ពុជា ពិសេសឆ្នាំ២០១៦ នៅក្នុងអំឡុងខែមិនាខាងមុខនេះ កងទ័ពជើងគោគសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងសហការជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីរៀបចំនូវកម្មវិធីធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឆ្មាំអង្គរឆ្នាំ២០១៦ នៅតំបន់ ACO នាខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនៃការធ្វើលំហាត់រួមគ្នានេះ នាយឧត្តមសេនីយ៍ មាស សុភា សង្ឃឹមថា ភាគីកងទ័ពយើងទាំងពីរកម្ពុជា-អាមេរិក នឹងទទួលបានបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក នឹងដំណើការទៅប្រកបដោយជោគជ័យ ។

នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថា កងទ័ពជើងគោកកម្ពុជាបានត្រៀមគ្រប់លក្ខណសម្បត្តិរួចរាល់អស់ហើយ ទាំងកម្លាំង សម្ភារ ទីតាំង ឯកសារ នានា ហើយបច្ចុប្បន្នកំលាំងទាំងនេះក៏បាននឹងកំពុងធ្វើការហ្វឹកហាត់កម្លាំងខ្លួន នៅឯសាលាហ្វឹកហ្វឺនទ័ពជើងគោកចម្រុះពេជ្រនិលផងដែរ ។ នាយឧត្តមសេនីយ៍ ក៏បានស្នើសុំតាមរយៈឯកអគ្គរដ្ឋទូត ដល់កងទ័ពសហរដ្ឋអាមរិក ឲ្យពិនិត្យមើលលទ្ធភាពក្នុងការបន្តជួយដល់ កងយោធពលខេមរភូមិន្ទ លើការទទួលយកនាយទាហានកងទ័ពជើងគោកកម្ពុជា បានទៅធ្វើការបណ្តុះបណ្តាលជំនាញយោធានៅសហរដ្ឋអាមេរិក តាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីកងទ័ពកម្ពុជាមានគ្រប់លទ្ធភាព ក្នុងការចូលរួមជាមួយបណ្តាកងទ័ពក្នុងតំបន់ ពិសេសជាមួយកងទ័ពសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់នឹងបង្រាបឲ្យបានទាន់ពេលវេលា នូវរាល់បទល្មើសនានា ដូចជាអំពើភេរវកម្មឆ្លងដែន ការជួញដូគ្រឿងញៀន បទល្មើសរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ ពិសេសកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រប់គ្រោះមហន្តរាយនានា ដែលកើតមានឡើងជាប្រពៃណី និងមិនប្រពៃណីក្នុងតំបន់ និងសកលលោកបានទាន់ពេលវេលា។

ជាការឆ្លើយតបលោក William A.Heidt បានសន្យានឹងពាំនាំនូវសំណើរបស់កងទ័ពជើងគោកកម្ពុជា ទៅជំរាបជូនដល់រដ្ឋាភិបាល និងកងទ័ពសហរដ្ឋអាមេរិក ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជូន។ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានសន្យាចំពោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថា នឹងបង្កគ្រប់លក្ខណៈសម្បត្តិដល់បេសកម្មការទូតរបស់លោក William នៅកម្ពុជា៕