(ភ្នំពេញ​)៖​ មន្រ្តីតុលាការក្រុងភ្នំពេញបានឲ្យដឹងថា នៅរសៀល​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ តុលាការ​បាន​សម្រេច​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត ចំពោះបុរស​កូរ៉េ​២៣នាក់​ ដែលត្រូវ​បាន​នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន និងបញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ដោយ​ភ្ជាប់​សេចក្ដី​សន្និដ្ឋាន​ចោទប្រកាន់​ពី​បទ​ បើក​កន្លែង​លេង​ល្បែង​ស៊ីសង​ខុសច្បាប់​ និង​ភ្នាក់ងារ​ល្បែង​ស៊ីសង​។ ក្នុង​នោះ​បុរស​ពីរ​នាក់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បើក​កន្លែង​លេង​ល្បែង​ស៊ីសង​ខុសច្បាប់​ និង​ ២១នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ភ្នាក់ងារ​ល្បែង​ស៊ីសង​ ។

ក្រុម​ជនសង្ស័យ​ទាំង​ ២៣នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ​ ឃាត់​ខ្លួន​ជា​បន្តបន្ទាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ដោយ​សង្ស័យ​ជា​ក្រុម​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៉ីនធឺណេត​ នៅ​ក្នុង​ភូមិ​រោងចក្រ ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

សូមជំរាបថា នៅ​ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ឆែកឆេរ​ភូមិគ្រឹះ​ចំនួន​២​កន្លែង ទី​១​នៅ​ភូមិគ្រឹះ​លេខ​១៥ ក្នុង​បុរី​ពិភព​ថ្មី សំរោង​អណ្ដែត ចាប់​ខ្លួន​បាន​មនុស្ស​ចំនួន​១២​នាក់​ និង​ទី​២​ នៅ​ភូមិ​គ្រឹះ​លេខ​២៧ ក្នុង​បុរី​ពិភព​ថ្មី ​ចាប់​ខ្លួន​មនុស្ស​ចំនួន​ ១១​នាក់ និង​ដកហូត​សម្ភារពាក់ព័ន្ធ​មួយ​ចំនួន​រួម​មាន​ កុំព្យូទ័រ​ភ្ជាប់​ប្រព័ន្ធ​​អ៉ីនធឺណិត​ជា​​ច្រើន​គ្រឿង និង​សម្ភារ​ផ្សេងទៀត៕