(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៤០,០០០,០០០រៀល (សែសិបលានរៀល) និងអង្ករ ២០,០០០គីឡូក្រាម ដល់ស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅរាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងអំណោយទាំងនេះយកទៅចែកជូនដោយផ្ទាល់ដៃ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលដ្ឋងាយរងគ្រោះបំផុត។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែលមានលទ្ធភាព ក្នុងការជួយសម្រាលបន្ទុករបស់ទីស្នាក់ការណ្តាល ដែលនេះបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

សូមបញ្ជាក់ថា ចាប់តាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានសរុបចំនួន ៩៤,០២៩គ្រួសារ។

ដោយឡែក ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ២៦,៤៦៨គ្រួសារ រស់នៅភូមិចំនួន៩០៨ ឃុំចំនួន៣៨២ ស្រុកចំនួន១៥៥ ក្នុងរាជធានី-ខេត្តទាំង២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន១១,៥៨៥គ្រួសារ និងដោយសាខាចំនួន ១៤,៨៨៣គ្រួសារ)៕