(ភ្នំពេញ)៖ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានចាត់ទុកម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាអំណោយដ៏ថ្លៃថ្លាបំផុតសម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋឡាវ ក្នុងពេលជួបការលំបាកដោយសារជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាស់ចំនួន ២លាន ១០ម៉ឺន និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សរុប ១២មុខ ដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសឡាវ។ ម៉ាស់ និងបរិក្ខារទាំងអស់នេះ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកតាមយន្តហោះពិសេសទៅប្រគល់ជូនរដ្ឋាភិបាលឡាវនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក ថងលូន ស៊ីសូលីត និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឡាវជាច្រើនរូបទៀត បានចេញមកទទួលម៉ាស់ និងបរិក្ខារទាំងនេះដោយផ្ទាល់នៅព្រលានយន្តហោះ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ថ្លែងក្នុងពិធីទទួលនោះ លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់អំណោយជាម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលនេះ។ លោកបានចាត់ទុកអំណោយនេះ ជាអំណោយដ៏ថ្លៃថ្លាសម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋឡាវ។

លោក ថងលូន ស៊ីសូលីត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែមានសេចក្តីព្រួយបារម្ភ និងបានផ្តល់នូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាជូនចំពោះរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនប្រទេសឡាវយើងខ្ញុំនៅក្នុងឱកាសនេះ»

លោកនាយករដ្ឋមន្ត្រីបន្តថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះអំណោយដ៏មានអត្ថន័យយ៉ាងក្រៃលែងនេះ ទោះបីកម្ពុជាខ្លួនឯងទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ដូចគ្នាយ៉ាងណាក៏ដោយ។ ប៉ុន្តែរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែមានទឹកចិត្តសម្បុរសធម៌ ចែករំលែកអំណោយដ៏ថ្លៃថ្លាបំផុតនេះ បានទាន់ពេលវេលាដល់រដ្ឋាភិបាល និងប្រជាជនឡាវយើងខ្ញុំ»

ប្រមុខរដ្ឋាភិបាលឡាវរូបនេះ ក៏បានចាត់ទុកនូវអំណោយទាំងនេះ ជាការបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឡាវ។

ក្នុងឱកាសនោះលោក ថងលូន ស៊ីសូលីត បានគូសរំលេចផងដែរថា ក្នុងនាមជាប្រទេសភូមិផង ជាបងប្អូន កម្ពុជា និងឡាវ គឺមានទំនាក់ទំនងដ៏ល្អ ហើយតែងជួយឧបត្ថម្ភគ្នាតាំងពីយូរលង់ណាស់មកហើយ។ ជាពិសេសតាំងពីដំណាក់កាលតស៊ូរំដោះជាតិពីអាណានិគម ដោយបានកៀកស្មាគ្នា និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដែលមិនអាចបំបែកចេញពីគ្នាបាន ដើម្បីតស៊ូជាមួយសត្រូវតែមួយ។

លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានរំលឹកពីការជួយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា នៅពេលខ្លួនជួបប្រទះគ្រោះមហន្តរាយបាក់ទំនប់វារីអគ្គិសនីនៅឆ្នាំ២០១៨ផងដែរ។

លោកនាយករដ្ឋមន្ត្រីឡាវ បានប្តេជ្ញានៅចំពោះមុខសម្តេចពិជ័យសេនា ទៀ បាញ់ ថា នឹងយកម៉ាស់ និងបរិក្ខារទាំងអស់នេះ ទៅប្រើជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋឡាវ។ លោកនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតជូនពរសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា អំណោយបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកម្ពុជាផ្តល់ជូនរដ្ឋាភិបាលឡាវនាព្រឹកមិញនេះ រួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា អំណោយទាំងនេះ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់ប្រជាជនកម្ពុជាជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលកំពុងជួបនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ៕