(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តែងការសាទរចំពោះអង្គការបុគ្គលសារវ័នកម្ពុជា ដែលទើប បង្កើតថ្មី ដើម្បីចូលរួមជួយផ្តល់ការអប់រំ និងបណ្តុះបណ្តាលជនពិការឲ្យមានប្រសិទ្ធិភាពទទួលបានការងារសមស្រប និងភាពជាម្ចាស់ការ។

ការសម្តែងការសាទររបស់លោក ឯម ច័ន្ទមករា ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈដែលអគ្គលេខាធិការរូបនោះ ជួបពិភាក្សាជាមួយលោក អ៊ុច និមល ប្រធានប្រតិបត្តិ អង្គការបុគ្គលសារវ័នកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធ គម្រោងជួយផ្តល់ការអប់រំ និងបណ្តុះបណ្តាលជនពិការ។

លោក អ៊ុច និមល ប្រធានប្រតិបត្តិ អង្គការបុគ្គលសារវ័នកម្ពុជា បានលើកឡើងថា អង្គការនេះបង្កើតឡើងក្នុងឆ្នាំ២០១៤ មានបុគ្គលិកចំនួន ១៥នាក់ មានគណៈកម្មាការនាយកចំនួន ៧រូប ខ្មែរ៣រូប និងជនជាតិបរទេសចំនួន ២រូប ដោយឈរលើទស្សនៈវិស័យ៖ ចង់ឃើញសហគមមួយដែល មានការដាក់បញ្ចូលកុមារ និងយុវជនពិការទៅក្នុងការអប់រំ និងការងារដើម្បីបង្កលក្ខណៈឲ្យជនពិការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ នៅក្នុងសហគម ហើយមានបេសកកម្ម៖ ជួយគាំទ្រដល់យុវជនពិការកាយសម្បទា ឲ្យទទួលបានការអប់រំនៅកម្រិតឧត្តមសិក្សា និងការបណ្ពុះបណ្តាលជំនាញ ដើម្បីឲ្យពួកគេទទួលបានការងារ និងប្រកបមុខរបរផ្ទាល់ខ្លួន។

បច្ចុប្បន្នអង្គការកំពុងអនុវត្តកម្មវិធីចំនួនប្រាំគឺ៖
* កម្មវិធីទី១គឺ ផ្ទះគាំទ្រសិស្សសាកលវិទ្យាល័យ៖ បានជួយជាជម្រកស្នាក់នៅសម្ភារសិក្សា អាហារ សម្លៀកបំពាក់និងការថែទាំសុខភាព សម្រាប់និស្សិត ២២នាក់ ហើយនិស្សិតទាំង២២នាក់នេះទទួលបានអាហារបករណ៍សម្តេចតេជោ តាមរយៈក្រុមហ៊ុនមិត្តហ្វូន ចំនួន៥០% សម្រាប់រៀននៅសាកលវិទ្យាល័យ PPIU។
* កម្មវិធីទី២ គឺ គាំទ្រកុមារពិការតាមសហគម ដោយផ្តោតលើខេត្តចំនួន៣ គឺ កណ្តាល តាកែវ និងកំពត។
* កម្មវិធីទី៣ Social Enterprise និង ការរកការងារឲ្យធ្វើ៖ បានបង្កើតហាងបោកគក់ខោអាវ និងកន្លែងចិញ្ចឹមជ្រូកសម្រាប់សិស្សជំនាញ និងកន្លែងសម្រាប់រកការងារឲ្យជនពិការ។
* កម្មវិធីទី៤គឺ មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ាវីគឈូក ខេត្តកំពត សម្រាប់បណ្តុះបណ្តាល និងគាំទ្រជីវភាពដល់កុមារពិការនិងគ្រួសារដូចជាឲ្យគោ និងគាំទ្រផ្នែកសុខភាព ទឹកស្អាត និងអាហារូបត្ថម្ភ។
* កម្មវិធីទី៥ កំពុងសាងសង់អគាក្តីសង្ឃឹមកម្ពុជា នៅស្រុកអង្គស្នួល

លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជន បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះបង្កើតអង្គការថ្មីនេះ ដែលមានចរិកក្នុងការ ជួយស្វែងរកការងារសម្រាប់យុវជនពិការ ក៏ជាការរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យជនពិការគ្រប់រូបទទួលបានការងារ ធ្វើតាមអត្រាកំណត់រាជរដ្ឋាភិបាល ចំនួន២%សម្រាប់ក្រសួងស្ថាប័នរដ្ឋ និង១%សម្រាប់ស្ថាប័នឯកជន។

លោក ឯម ច័ន្ទមករា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ដើម្បីលើកកម្ពស់កំណើនការងារនិងអាជីព សមស្របសម្រាប់ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ការរបស់បងប្អូនជន ពិការ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានឯកភាពផ្តល់ក្របខណ្ឌពិសេស ដល់យុវជនពិការចំនួន៦រូប ដែលជាជ័យលាភីពីការប្រកួតប្រជែងដណ្តើម បានពានរង្វាន់ផ្នែកព័ត៌មានវិទ្យាពីប្រទេសកូរ៉េ ដោយបច្ចុប្បន្នកំពុងតែបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជន ក៏បានផ្តល់ការណែនាំ ដល់អង្គការដែលទើបបង្កើតថ្មីនេះ គួរបណ្តុះបណ្តាល ជនពិការលើជំនាញការងារសំណង់ស្រាលៗ សម្រាប់ធ្វើជម្រាលតាមស្ថាប័នរដ្ឋ និងឯកជន ព្រោះជាការរំលឹកអំពីការធ្វើជម្រាលផង និងជាការលើកទឹកចិត្តដល់ ជនពិការមានការងារធ្វើផង ហើយថែមទាំងទទួលបានប្រាក់កម្រៃថែទៀត។
ក្រៅពីនោះលោកអគ្គលេខាធិការ ក៏បានណែនាំឲ្យអង្គការរៀបចំមជ្ឈមណ្ឌលដែលអាចផ្តល់មុខរបរ និងបង្កលក្ខណៈឲ្យជនពិការបានធ្វើការងារ នៅមជ្ឈមណ្ឌលនេះផង ព្រមទាំងធ្វើយ៉ាងណាទាក់ទាញទេសចរណ៍ឲ្យទៅទស្សនាផលិតផងដែល ធ្វើដោយជនពិការទៀតផង។

លោក ឯម ច័ន្ទមករា បានផ្តល់ការណែនាំបន្ថែមដល់អង្គការត្រូវរៀបចំ ប្រមូលទិន្នន័យ ជនពិការដែលកំពុងសិក្សានៅតាមបណ្តាសាលា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ សាកលវិទ្យាល័យនានា ដើម្បីងាយស្រួលប្រមូលព័ត៌មានជួយដល់យុវជនពិការទាំងអាចរកការងារធ្វើបាន ដោយគ្មានឧបសគ្គរារាំង ហើយគួររៀបចំកិច្ចប្រជុំរៀងរាល់បីខែម្តង ជាមួយអ្នកពាក់ព័ន្ធ ពិសេសវិស័យឯកជន ដើម្បីចូលរួមជួយជំរុញឲ្យ មានការជ្រើសជនពិការចូលបម្រើការងារបានគ្រប់ចំនួន។

រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់ជនពិការ ក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួនដូចជា កសិមុខរបរ មុខរបរខ្នាតតូច ខ្នាតមធ្យម ខ្នាតធំជា លក្ខណៈឯកត្តជន ឬសមូហភាពរបស់ជនពិការ តាមរយៈការផ្តល់ឥណទានដែលមានការប្រាក់ទាប ឬគ្មានការប្រាក់ និងសម្បទានសម្រាប់ប្រកប មុខរបរដើម្បីឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ៕