(សៀមរាប)៖ សមត្ថកិច្ច និងមន្ត្រីជំនាញ ដែលមានខាងអធិការរង នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តបានចុះពិនិត្យ និងស្រាវជ្រាវលើ ករណីបណ្ដឹងរបស់ភ្ញៀវទេសចរថៃ ដែលបានប្ដឹងទៅស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ចំពោះហាងលក់វត្ថុអនុស្សាវរីយ៍ Gemstone-M Gemstone ដែលបានលក់ត្បូង ដែលខុសពីគុណភាព ដែលខាងម្ចាស់ហាងបានធានាជូនគាត់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា នៅក្នុងពិធីរៀបចំសន្និបាតបូកសរុប លទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៦របស់ខ្លួន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ថា ខាងភាគីម្ចាស់ហាងខាងលើបានទទួលស្គាល់នូវកំហុស នៃការលក់វត្ថុក្លែងក្លាយ និងក៏បានប្រគល់ប្រាក់សងភ្ញៀវវិញហើយដែរ តែម្ចាស់ហាងនៅមិនទាន់ទទួលទោស/វិន័យនៅឡើយទេ រហូតដល់ពេលនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងពិធីបិទសន្និបាតនោះដែរថា៖ «ដើម្បីឲ្យមានការរៀងចាល សមត្ថកិច្ច គួរដាក់ទោសម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ ឲ្យជាប់គុក ១-២ ទើបគេរៀងចាល ព្រោះល្មមដល់ពេលបញ្ឈប់បញ្ហានេះទាំងស្រុងហើយ»។

មន្រ្តីទេសចរណ៍ម្នាក់ ដែលបានទទួលព័ត៌មាននេះ ធ្លាប់បានបង្ហើបប្រាប់អង្គភាព Fresh News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សមត្ថកិច្ច និងមន្ត្រីជំនាញដែលមានខាងអធិការរង នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្ត បានចុះពិនិត្យ និងស្រាវជ្រាវលើករណីបណ្ដឹងរបស់ភ្ញៀវទេសចរថៃ លោក Chathawat Liangsoontomsit ដែលបានប្ដឹងទៅស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ចំពោះ ហាងលក់វត្ថុអនុស្សាវរីយ៍ Gemstone-M Gemstone ដែលបានលក់ត្បូងដែល ខុសពីគុណភាព ដែលខាងម្ចាស់ហាង បានធានាជូនគាត់។

ក្រោយពីធ្វើការចុះពិនិត្យ និងស្រាវជ្រាវលើករណីបណ្ដឹង ខាងភាគីម្ចាស់ហាងខាងលើ បានទទួលស្គាល់នូវកំហុសនៃការលក់វត្ថុក្លែងក្លាយ ជូនដល់ភ្ញៀវ និងក៏បានប្រគល់ប្រាក់ជូនភ្ញៀវវិញចំនួន៥០០ដុល្លារអាមេរិក បន្ទាប់ពីមានការអប់រំណែនាំពីសមត្ថកិច្ចជំនាញ និងការយល់ព្រមពីខាងភ្ញៀវថៃរូបនោះ ។

មន្រ្តីរូបនោះបានបង្ហើបឲ្យដឹងបន្ថែមទៀតថា៖ ហាងលក់វត្ថុអនុស្សាវរីយ៍មួយនេះ  ធ្លាប់មានរឿងអាស្រូវផងដែរ ដែលកន្លងទីហាងនេះ មានយីហោថា CITYGEMS ត្រូវបានគេចោទប្រកាន់ថា លក់គ្រឿងអលង្ការ ក្លែងក្លាយទៅឱ្យអតិថិជន ជាភ្ញៀវទេសចរជនជាតិហ្វីលីពីន តម្លៃរហូតដល់ជិត៣ម៉ឺន ដុល្លារ តែក្រោយមកត្រូវបានជនរងគ្រោះប្ដឹង និងមានអន្ដរាគមន៍ពីសមត្ថកិច្ច ពាក់ព័ន្ធ ទើបថៅកែហាងខាងលើ សុខចិត្ដសងលុយទៅឱ្យជនរងគ្រោះ វិញជាថ្នូរបញ្ចប់រឿង។ កាលនោះ ភ្ញៀវទេសចរនោះ បានទិញគ្រឿងអលង្ការជាច្រើន ដែលគ្រឿងអលង្ការទាំងអស់នោះរួមមាន ចិញ្ចៀនត្បូងពណ៌ស (ពេជ្រ) មួយវង់, ក្រវិល ៤គូ, ខ្សែកពណ៌មាស ២ខ្សែ សរុបជាទឹកប្រាក់ ស្មើ ២៧.៨០០ដុល្លារអាមេរិក។

ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹង តាមរយៈស្ថានទូតហ្វីលីពីនទៅក្រសួងទេសចរណ៍ ដើម្បីសុំជួយអន្ដរាគមន៍ ហើយបន្ទាប់មក ក្រសួងទេសចរណ៍ ក៏ចាត់តាំងឱ្យមន្ដ្រីរបស់ខ្លួនចុះទៅដោះស្រាយ ដោយលទ្ធផលចុងក្រោយ ថៅកែហាងនោះ សុខចិត្ដបង្វិលប្រាក់ គ្រប់ចំនួនទៅឱ្យជនរងគ្រោះវិញ ជាការបញ្ចប់រឿង។

សូមបញ្ជាក់ថា៖ នៅទឹកដីតំបន់ទេសចរណ៍សៀមរាប ការរកស៊ីលក់របស់ក្លែងក្លាយ ជាពិសេសគ្រឿងអលង្ការ ទៅឱ្យភ្ញៀវទេសចរ គឺមានជា ហូរហែរនាកន្លងមក។ ហេតុនោះ គឺមានភ្ញៀវមិនតិចនាក់ទេ ដែលចាញ់បោក អ្នកខ្លះទិញត្បូងតម្លៃរាប់ពាន់ដុល្លារ តែតាមពិតជាត្បូងស្លសោះ, ខ្លះទិញពេជ្រ តែប៉ះចំគ្រីស្ដាល់ គ្រាន់តែភ្ញៀវទេសចរខ្លះ ពេលធ្វើដំណើរទៅដល់ស្រុកវិញ ទើបដឹង ហើយខ្ជិលប្ដឹងផ្ដល់។

ទន្ទឹមនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក៏ដូចសមត្ថកិច្ចពាក់ព័ន្ធ មានប្រតិបត្តិករខាងវិស័យទេសចរ បានសំណូមពរតាមរយៈ Fresh News ឲ្យសមត្ថកិច្ចជួយពង្រឹងកិច្ចការនេះបន្ថែមទៀត ហើយម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ ដែលធ្លាប់បានប្រព្រឹត្តិខុសមួយចំនួន ល្មមឈប់ធ្វើអត្ដឃាតលើវិស័យទេសចរណ៍ ខ្លួនឯងហើយ៕