(ភ្នំពេញ)៖ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-នូវ៉ែលហ្សេឡង់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះមានខ្លឹមសារ ដូចខាងក្រោម៖

កិច្ចប្រជុំបានប្រារព្ធឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់។ ថ្នាក់ដឹកនាំអាស៊ាន បានអបអរសាទរដល់លោកស្រី ជេស៉ីនដា អាឌិន ដែលទទួលបានជោគជ័យដ៏លើសលុប ក្នុងការបោះឆ្នោតសកល នៅប្រទេសនូវ៉ែលហ្សេឡង់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំបានកត់សម្គាល់ការអនុម័តផែនការសកម្មភាពអាស៊ាន-នូវ៉ែលហ្សេឡង់ (២០២១-២០២៥) ដែលផ្ដោតសំខាន់លើកម្មវិធីភាពជាដៃគូថ្មី ៤ ជាអាទិ៍មាន៖ ប្រជាជន វិបុលភាព សន្តិភាព និងភពផែនដី។ កិច្ចប្រជុំក៏បានអនុម័តសេចក្តីប្រកាសរួមចក្ខុវិស័យថ្នាក់ដឹកនាំអាស៊ាន-នូវ៉ែលហ្សេឡង់ ស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់៖ កេរ្តិ៍ដំណែលនៃភាពជាដៃគូមួយ និងអនាគតរួមគ្នាមួយ។

ថ្នាក់ដឹកនាំអាស៊ានបានអរគុណការគាំទ្រថវិកាចំនួន ១លានដុល្លារ របស់នូវ៉ែលហ្សេឡង់ ដល់មូលនិធិអាស៊ានឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។

កិច្ចប្រជុំបានឯកភាពធ្វើការរួមគ្នាក្នុងការលើកស្ទួយការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជននឹងប្រជាជន និងកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស អប់រំ និវានុវត្តន៍ និងបច្ចេកទេស។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរ លើកិច្ចសហការសម្របសម្រួលពាណិជ្ជកម្ម និងធុរកិច្ច ការពង្រឹងសហគ្រាសមីក្រូ ធុនតូច និងមធ្យម ( MSME) ទេសចរណ៍ សុខភាពសាធាសារណៈ សន្តិសុខស្បៀងអាហារ និងការតភ្ជាប់។

កិច្ចប្រជុំបានទទួលស្គាល់អំពីសារៈសំខាន់នៃការរក្សាការតភ្ជាប់ចង្វាក់ផ្គត់ផ្គង់ និងការដកចេញការដាក់កម្រិតលើការធ្វើដំណើរ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម ដោយប្រកាន់ខ្ជាប់នូវរបបពហុភាគីនិយម ដើម្បីសម្រេចបានការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីដោះស្រាយការប្រឈមមិនមែនប្រពៃណីនានា ដូចជាការផ្លាស់ប្តូរអាកាសធាតុ ការការពារបរិស្ថាន ភេរវកម្ម អំពើជ្រុលនិយម និងសន្តិសុខអ៉ីនធឺនិតប្រកបដោយប្រសិទ្ឋភាព។

នៅក្នុងកិច្ចប្រជុំ កម្ពុជាក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-នូវ៉ែលហ្សេឡង់ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការលើកផ្នែកអាទិភាព ផ្សេងៗជាច្រើន មានជាអាទិ៍ ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងសមាហរណកម្មតំបន់ តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាននានា (IAI)។
កម្ពុជាបានថ្លែងអំណរគុណដល់នូវ៉ែលហ្សេឡង់ ចំពោះវិភាគទាន និងជំនួយសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់។ កម្ពុជាបានលើកទឹកចិត្ត ឲ្យនូវ៉ែលហ្សេឡង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន តាមរយៈការគាំទ្រវគ្គបណ្តុះបណ្តាលជំនាញនានា កម្មវិធីកសាងសមត្ថភាពរយៈពេលខ្លី និងវែង ហើយបានបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដំណើរឡើងវិញ តាមរយៈចាប់ផ្តើមឡើងវិញដោយប្រុងប្រយ័ត្ននូវការធ្វើដំណើរធុរកិច្ច និងដំណើរចាំបាច់ និងការធានាឱ្យបាននូវលំហូរទំនិញដោយគ្មានឧបសគ្គ៕