(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី បានរៀបចំអាហារ (មីស៊ុប) ជូនដល់យុវជនស្តារនីតិសម្បទា (បន្សាបគ្រឿងញៀន) នៅមណ្ឌលជីវិតថ្មី ភ្នំបាក់ចំនួន៨៤៦នាក់/ស្រី៤០នាក់ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នាឱកាសនោះលោកអភិបាលខេត្ត និងលោកស្រី បានណែនាំយុវជន ដែលនៅក្នុងមណ្ឌល ក្រោយពេលដែលរៀនចប់ត្រូវខិតខំកសាងខ្លួន ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ ពិសេសមិនត្រូវសេព ឬក៏ប្រើប្រាស់គ្រឿងញៀនទៀតឡើយ ព្រោះវាធ្វើឲ្យយើងខូចអនាគត ប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ និងសង្គមជាតិ ពិសេសធ្វើឲ្យបាត់បង់ធនធានមនុស្ស។

លោកអភិបាលខេត្តបានបញ្ជាក់ថា «យើងដឹងហើយគ្រឿងញៀន ជាថ្នាំគីមីម្យ៉ាងដែលធ្វើឱ្យមានការផ្លាស់ប្តូរមុខងារផ្សេងៗរបស់សារពាង្គកាយមនុស្ស ឬសត្វ ហើយជាពិសេស វាធ្វើឱ្យមានការប្រែ ប្រួល ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលនៅពេលប្រើវា។ ហើយនៅពេលដែលយើងប្រើប្រាស់វាធ្វើឲ្យយើង ប្រែក្លាយទៅជាមនុស្សម្នាក់ផ្សេងៗទៀត ដោយហានអ្វីៗទាំងអស់ មួយវិញទៀតវាប៉ះពាល់ដល់សុខភាពរបស់យើងជាអ្នកប្រើប្រាស់ជាខ្លាំង»

ក្នុងនោះលោក អ៊ុ រាត្រី បានណែនាំបន្ថែមដល់យុវជន ដើម្បីជម្នះឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន ជាពិសេសយុវវ័យត្រូវធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ និងប្រាកដថា មិនប្រើគ្រឿងញៀន ចៀសវាងឱ្យឆ្ងាយពីអ្នកប្រើបាស់គ្រឿងញៀន និងណែនាំដល់បងប្អូន ក្រុមគ្រួសារ មិត្តភក្តិ សាច់ញាតិ សហគមន៍ដើម្បីឲ្យពួកគាត់បានដឹងពីផលប៉ះពាល់ដោយគ្រឿងញៀន។

ប្រធានមណ្ឌលជីវិតថ្មី ភ្នំបាក់ លោក ប្រាក់ សារ៉ន បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងមណ្ឌលកែប្រែរបស់លោកមានជនស្តារនីតិសម្បទា (បន្សាបគ្រឿងញៀន) សរុបចំនួន ៨៤៦នាក់/ស្រី៤០នាក់។

លោកថា ក្រៅការងារបន្សាបគ្រឿងញៀន មណ្ឌលក៏មានការបណ្តុះបណ្តាលដល់អ្នកបន្សាបគ្រឿងញៀន នៅក្នុងមណ្ឌលឲ្យមានជំនាញ ឲ្យជនដែលបន្សាបមានជំនាញក្នុងការប្រកបរបចិញ្ចឹមជីវិត ក្រោយពេលចេញពីមណ្ឌល។ ដោយជំនាញបណ្តុះបណ្តាលមានដូចជា៖ ជំនាញកសិកម្ម, អគ្គិសនី, ម៉ាស៊ីនត្រជាក់, កាត់ដេរ និងកែច្នៃអាហារជាដើម៕