(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ រួមទាំងក្រុមសប្បុរសជនជាជនជាតិចិន បានធ្វើដំណើររាប់សិបរាប់រយគីឡូម៉ែត្រ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន ៧៥០ គ្រួសាររស់នៅលើផ្ទះបណ្ដែតទឹក ក្នុងភូមិសាស្ត្រត្រើយខាងកើតបឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

សកម្មភាពសប្បុរសធម៌នេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារនេះ។

ចំណែកឯក្រុមសប្បុរសជនជាជនជាតិចិនខាងលើនោះ គឺមានលោក Hsu Chia Chieh ជាតំណាងប្រតិភូទាំងបួនក្រុមហ៊ុន ដែលរួមមានក្រុមហ៊ុន Titan Stone Life Insurance PLC ក្រុមហ៊ុន Love Charity Organization ក្រុមហ៊ុន Sabrina (Cambodia) Garment MFG Group និងក្រុមហ៊ុន Bizstar (Camodia) Co.,Ltd។

លោក ណែត សារី អភិបាលស្រុកស្ទោង បានឱ្យដឹងថា ឃុំពាមបាងមានភូមិសាស្រ្ត ស្ថិតនៅលើផ្ទៃទឹកជាប់បឹងទន្លេសាប មានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមស្រុកស្ទោង មានប្រជាពលរដ្ឋសរុប ៣,៦៤១ នាក់ ហើយប្រជាពលរដ្ឋទាំងអស់ ប្រកបមុខរបរនេសាទទាំងស្រុង។ ឃុំនេះពុំទទួលរងដោយគ្រោះជំនន់ទឹកភ្លៀងខ្លាំងនោះទេ តែប្រជាពលរដ្ឋមានការខ្វះខាតច្រើន។

នាឱកាសនោះ លោក សុខ លូ បានជម្រាបថា នៅឆ្នាំ២០២០នេះ ក្រៅពីជួបវិបត្តិដោយសារជំងឺកូវីដ-១៩ កម្ពុជាក៏បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងផងដែរ។ គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានរាជធានី-ខេត្តចំនួន ២០ (ស្មើនឹង ១២១ ក្រុង/ស្រុក/ខណ្ឌ) បានរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ។ គ្រោះទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់ប្រជាជនសរុប ១៤៩,៨៥៧ គ្រួសារ ស្មើនឹង ៥៩៩,៤២៨ នាក់ ក្នុងនោះស្លាប់ ៤៤ នាក់។

សម្រាប់ខេត្តកំពង់ធំមានការប៉ះពាល់ផ្ទះ ១១,៦៩៥ ខ្នង (៩ ក្រុង-ស្រុក) មានអ្នកស្លាប់ ៨ នាក់។ ខូតខាតស្រូវ ១០,៣៣៥ ហិកតា និងខូចខាតដំណាំរួមផ្សំ ២៥៦ ហិកតាទៀត ក្នុងនោះស្រុកស្ទោងបានរងការខូចខាតដល់ដំណាំស្រូវ ៤,៤៣៣ ហិកតា និងខូចខាតហេដ្ឋរចនាសម្ពន្ធជាច្រើនកន្លែង។

ក្នុងនាមលោករដ្ឋមន្ត្រី ថោង ខុន និងក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោកអភិបាលខេត្ត សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកបានបន្តថា ក្នុងពេលទឹកជំនន់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ការជួយសង្គ្រោះប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព និងបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ ដោយបានចែកអំណោយជាស្បៀងអាហារ គ្រៀងឧបភោគ-បរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ដាច់ស្បៀងអាហារឡើយ។

ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធបានចុះពិនិត្យ និងស្តារហេដ្ឋារចនាសម្ពន្ធដែលខូចខាតឡើងវិញ ដូចជា សាលារៀន វត្តអារាម មន្ទីរពេទ្យផ្លូវថ្នល់ ផ្លូវលំ ស្ពាន ទំបន់ ប្រឡាយទឹកជាដើម និងជំរុញវិស័យកសិកម្ម ការដាំដុះឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ តាមរយៈការចែកស្បែងអាហារ និងស្រូវពូជជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដើម្បបង្កបង្កើនផល និងដាំដុះឡើងវិញ។

គួរជម្រាបថា អំណោយដែលបានចែក ជូនប្រជាពលរដ្ឋនាពេលនោះ រួមមាន៖ អង្ករសរុបជាង ១៨ តោន មីសរុបចំនួន ៧៥០ កេស ទឹកបរិសុទ្ធសរុបចំនួន ៧៥០ កេស ត្រីខកំប៉ុងសរុបចំនួន ៧៥០ យួរ ទឹកត្រីសរុបចំនួន ៧៥០ យួរ ទឹកស៉ីអ៉ីវសរុបចំនួន ៧៥០ យួរ និងថ្នាំ Tiffy សរុបចំនួន ៣,៧៥០ បន្ទះ។ ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកបរិសុទ្ធ ១ កេស ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៉ីអ៉ីវ ១ យួរ និងថ្នាំ Tiffy ៥ បន្ទះ។

លោកអភិបាលខេត្ត សុខ លូ ព្រមទាំងប្រជាពលរដ្ឋនៅឃុំពាមបាង បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ថោង ខុន និងក្រុមការងារ ព្រមទាំងតំណាងក្រុមហ៊ុនចិនទាំងបួនខាងលើ ដែលបានជួយឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់នាពេលនេះ សម្រាប់ជួយសម្រាលការលំបាកបានមួយរយៈពេលដែរ៕